អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលការសាងសង់ស្ពានប្រអប់ចំនួន ២កន្លែង និងផ្លូវលំ​មួយខ្សែ តភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត

ឧត្តរមានជ័យ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១​នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រ ផ្ទះប៉ុលពត ស្ថិតនៅចំណុចក្បាលទន្សោង ក្នុងស្រុកអន្លង់វែង ជាប់ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្ដម ប៉ែន កុសល្យ បានថ្លែងថា ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅ​កាន់​តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ដែលកំពុងសាងសង់នេះ ជាអំណោយដ៏ថ្លែថ្លារបស់​ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបញ្ជាក់ទៀតថា ចំពោះផ្ទះតាម៉ុកដែលមានទីតាំង​នៅលើភ្នំ​ដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះយើងកំពុងរៀបចំកែសម្រួល​ផ្លូវ​ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យតំបន់ប្រវត្តិសាស្ត្រមួយនេះ ក្លាយជាតំបន់​រម្មណីយដ្ឋានទេសចរប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណង​ចង់មកលេងកំសាន្តឱយមានភាពងាយស្រួល។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់កង​កម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់​ត្រួត​ពិនិត្យមើលសកម្មភាពនានាតាមព្រំដែន ពិសេសគឺត្រួតពិនិត្យមើលការឆ្លងដែន​ដាច់​ខាតមិនឲ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ហើយចំពោះមេខ្យល់​ដែលនាំពលរដ្ឋឆ្លង​ដែន​ដោយខុសច្បាប់ ពេលដែលចាប់បានត្រូវផ្តន្ទាទោសទៅតាមច្បាប់ ដោយមិនអត់ឱន​ឲ្យជាដាច់ខាត៕ ប្រភព៖ រដ្ឋបាលខេត្ត

អត្ថបទដែលជាប់ទាក់ទង