ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសមុខតំណែង​មន្ត្រីរាជការ​សាលាខេត្ត

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈ​អធិបតី​ក្នុងពិធីប្រកាសមុខតំណែង​មន្ត្រីរាជការសាលាខេត្តព្រះសីហនុ ដោយមានការចូលរួម​ពី​លោក​ស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ និងប្រធានការិយាល័យចំណុះ​សាលា​ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មាន ប្រសាសន៍ថា ការប្រកាសមុខតំណែង​មន្ត្រី​រាជការ​សាលាខេត្តនាពេលនេះ គឺជាការសម្រួលមន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ ដែលបានបំពេញ​ការងារ​ដោយយកចិត្តទុកដាក់ ការទទួលខុសត្រូវពិសេសការពិនិត្យ​លទ្ធផល​ការងារ លក្ខខណ្ឌមន្ត្រីក្នុង​អង្គភាពខេត្ត ម្យ៉ាងទៀតការតំឡើងតួនាទីនាយក​ទីចាត់​ការ​រដ្ឋបាល ជានាយករងរដ្ឋបាលសាលា​ខេត្តព្រះសីហនុ ។ ប្រធានអង្គភាពច្រកចេញ-ចូល​តែ​មួយ ជានាយកទីចាត់ការរដ្ឋបាល និងលោកស្រី​នាយករង​ទីចាត់ការធនធានមនុស្ស ជា​ប្រធានអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន បន្តថារដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត បានពិនិត្យនិងសម្រេចធ្វើ​ការ​ផ្លាស់​ប្តូរ​ភារកិច្ច ប្រកាសមុខតំណែងដោយផ្អែកលើលក្ខណៈសម្បត្តិ និងតម្រូវការចាំបាច់​ក្នុងការបំពេញ​ការងារ​របស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ដោយពិនិត្យឃើញ ថាការកែសម្រួលមន្ត្រីរាជការ​សាលា​ខេត្ត ដើម្បី​ភាពជោគជ័យសម្រាប់អង្គភាពរបស់យើង ដែលបានបំពេញការងារ​ប្រកប​ដោយជោគជ័យ ធានា​បានគុណភាព ប្រកបដោយតម្លាភាព សម្រាប់មន្ត្រីបន្តវេន ។ ដូច្នេះមន្ត្រីរបស់យើងត្រូវមានគុណតម្លៃ និងកិច្ចសហប្រតិបត្តិការឱ្យបានល្អក្នុង​អង្គភាព​ផ្តល់​កិច្ចសហការគ្នា គាំទ្រដំណើរការក្នុងទីចាត់​ការ​នីមួយៗ ហើយអ្នកដែលយើងបានជ្រើសរើស​ប្រកាសមុខតំណែង​ត្រូវខិតខំបំពេញការងារ​ឱ្យទទួលបាន​ជោគជ័យផ្អែកលើលទ្ធផល​បំពេញ​ការងារជាក្រុម សាមគ្គីភាពផ្ទៃក្នុងដឹកនាំក្នុងអង្គភាព។​មន្ត្រីក្នុងអង្គភាពច្រកចេញ-ចូលតែមួយ ត្រូវមានគណនេយ្យភាពប្រកបដោយឆន្ទ: ចូលរួមបំពេញ​ការងារ​​តាម​តួនាទីភារកិច្ចឱ្យទទួល​បានជោគជ័យក្នុងអង្គភាពខ្លួន ដើម្បីបំរើសេវាសាធារណៈ​ជូន​អតិថិជនកាន់តែ​ទទួលខុសត្រូវ​ខ្ពស់ ធានាបានការគាំទ្រពីមហាជនក្នុងខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង