អភិបាលរាជធានីភ្នំពេញ និងអភិបាលរងទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី២ ជាមួយនឹងសុខភាពរឹងមាំ មិនមានបញ្ហាអ្វីទេ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយ លោក មាន ចាន់យ៉ាដា លោក ហួត ហៃ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ េះនាព្រឹកថ្ងៃទី២៦ កុម្ភៈនេះ បានអញ្ជើញទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បី ចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) លើកទី២ ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន ជាលើកទី២ ហើយ។

គួរបញ្ជាក់ថា ៖កាលពីថ្ងៃទី១០ កុម្ភៈកន្លងមកនេះ ឯកឧត្តម ឃួង ស្រេង លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត កូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក មាន ចាន់យ៉ាដា លោក ហួត ហៃ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងឥស្សរជនមួយចំនួនទៀតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ នៅមន្ទីរពេទ្យកាលម៉ែត ទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល ហើយបើគិតមកដល់ពេលនេះ ឯកឧត្តម ឃួង ស្រេង បានចាក់វ៉ាក់សាំងកូវីដ-១៩ មានរយៈពេលកន្លះខែហើយ ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩ មិនបានធ្វើឲ្យលោកមានបញ្ហាអ្វីនោះទេ លោកបានហាត់ប្រាណជាធម្មតា បំពេញការងារបានរាល់ថ្ងៃ ។ ជាងនេះទៅទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ លោកអភិបាលរាជធានីភ្នំពេញបានប្រចាំការ នៅទីបញ្ជាករស្រាល គណៈបញ្ជាការរដ្ឋបាលភ្នំពេញ ដើម្បីដោះបញ្ហាបន្ទាន់ៗ កូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១យប់ រហូតជិតភ្លឺ ១សប្តាហ៍ហើយ តែសុខភាពលោកនៅរឹងមាំដដែល មិនមានអ្វីប្រែប្រួលនោះទេ។

គួរបញ្ជាក់ទៀតថា ក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែតកាលពីល្ងាចថ្ងៃទី១៥ កុម្ភៈកន្លងមកនេះ ឯកឧត្តម ឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿលើការឃោសនារបស់ជនអគតិមួយចំនួនជុំវិញចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិននេះ។ ពួកគេគ្មានបំណងល្អជាមួយយើងទេ ពួកគេមានតែគំនិតចង់បំផ្លិចបំផ្លាញ ភាពសុខសាន្តរបស់កម្ពុជាតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន គ្មានហេតុផលណាមួយដែលត្រូវបំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះទេ សម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នៃរបប ប៉ុល ពត ប៉ុណ្ណោះទេ តែសម្ដេចបានកសាងប្រទេសដ៏លំបាកមួយនេះ ក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើនថែមទៀត សម្ដេចបានគិតគូរពី សុខទុក្ខប្រជាពលរដ្ឋ តើមានហេតុផលណាមួយដែលសម្ដេចចង់បំផ្លិចចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះ៕


