សូមអ្នកបានចូលរួមមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅយកសំណាក និងធ្វើចត្តាឡីស័ក ដោយសារបុរសកើតជំងឺកូវីដម្នាក់ បានទៅហូបការនៅភូមិកោះតូច ឃុំពាមជីកង
ខេត្តកំពង់ចាម៖ បុរសជនជាតិខ្មែរ កើតជំងឺកូវីដម្នាក់ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលស្ថិតនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ។
បន្ទាបពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការខាងលើ មានផ្ទុកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឲ្យដឹកនាំមន្ត្រីចុះស្រាវជ្រាវ និងកំណង់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្នុងនោះអ្នកពាក់ព័ន្ធរួមមាន៖ ឪពុក ម្តាយកូនក្រមុំ ដែលបន្ទាប់ពីថ្ងៃមង្គលការរួច បានត្រឡប់ទៅរាជធានីភ្នំពេញវិញ និងស្នាក់នៅម្តុំក្រោយមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ។ ឪពុក ម្តាយ កូនកំលោះ បានត្រឡប់ទៅស្រុកវិញនៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវស្រុកឈូក ខេត្តកំពត។ កូនកំលោះកូនក្រមុំនិងអ្នកកំដរបានត្រឡប់ទៅភ្នំពេញវិញ។ អ្នករួមតុជាមួយផ្ទាល់មានក្រុមអ្នកសំអាងការ និងអ្នកថតរូបរស់នៅភូមិព្រៃទទឹងនិងភូមិ វាលស្បូវ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋ ២នាក់ផ្សេងទៀត រស់នៅភូមិ ដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។ ចុងភៅអ្នកលើកម្ហូបនិងមេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាមសូមអំពាវនាវ ដល់អ្នកដែលបានចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំនាកនៅទីតាំងដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។ ចំពោះស្រុកស្រីសន្ធរ មកពិនិត្យសុខភាពយកសំនាកនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។ ដោយឡែកចំពោះបងប្អូនដែលមិនស្ថិតក្នុងស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព នៅជិតកន្លែងបងប្អូនស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងប្រកបដោយស្មារតីទទួលសុខត្រូវខ្ពស់ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ៕ by AKP