មន្ត្រីពន្ធនាគារខេត្តកណ្តាលម្នាក់ រត់ការដោះលែងអ្នកទោសជាប់ឃុំឲ្យបានរួចខ្លួន ត្រូវជាប់គុកខ្លួនឯង
ខេត្តកណ្តាល៖ លោក តុង ដារ៉ា មន្ត្រីពន្ធនាគារខេត្តកណ្តាល ដែលជំនាញរត់ការដោះលែងអ្នកជាប់ឃុំនោះ ត្រូវបានកម្លាំងព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធការរត់ការ ដោះលែងជនជាប់ឃុំ តែមិនបានសម្រេច ដោយយោងតាមពាក្យបណ្តឹងរបស់ អ្នកពឹងពាក់ឲ្យជួយរត់ការ ។
បន្ទាប់ពីចាប់ខ្លួន បញ្ជូនឡើងតុលាការ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក តុង ដារ៉ា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា៖ លោក តុង ដារ៉ា តែងតែរត់ការដោះលែង ជនជាប់ឃុំក្នុងពន្ធនាគារ ឲ្យនៅក្រៅឃុំ ពេលបញ្ជូនចូលពន្ធនាគារម្តងៗ មិនថារឿងតូច ឬរឿងធំ ប៉ុន្តែករណី ចុងក្រោយនេះ ដោយសារយកលុយ ពីអ្នកដែលពឹងពាក់ ក្នុងមួយរឿងៗរាប់ពាន់ និង រាប់ម៉ឺនដុល្លារ ដោយយកលេសថា យកលុយនេះ ទៅឲ្យតុលាការ ដើម្បីសុំដោះលែងជនជាប់ចោទឲ្យនៅក្រៅឃុំ តែទីបំផុតលុយទាំងអស់នោះ លោក តុង ដារ៉ា បានយកទៅចាយអស់ ហើយជនជាប់ឃុំ នៅតែជាប់ឃុំក្នុងពន្ធនាគារដដែល ទើបធ្វើឲ្យអ្នកពឹងពាក់ខឹង ក៏ដាក់ពាក្យបណ្តឹងឲ្យតុលាការចាត់ការតាមផ្លូវច្បាប់តែម្តង ៕