Detail Top Banner

ជាជនជាតិចិន ចាក់សម្លាប់ជនជាតិចិនដូចគ្នា ហេតុផល ជនរងគ្រោះមានទំនាក់ទំនងជាមួយសង្សារបស់ខ្លួន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី នៅតាមដងផ្លូវក្បែររង្វង់មូល​តោ២ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យ ១នាក់ ជាជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើកាំប៉ិតចុងស្រួច ចាក់ទៅលើជនរងគ្រោះជាជនជាតិចិន ភេទប្រុស បណ្តាលឲ្យរងរបួសធ្ងន់ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានឡើងជិះរថយន្តតាក់ស៊ី ១គ្រឿង គេចខ្លួនបាត់ ។
ភ្លាមៗនោះកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានឆែកកាំមេរ៉ាសុវត្តិភាពតាមដងផ្លូវ រហូតដល់វេលាម៉ោង២២:០០នាទី ទើបដឹងថា ជនសង្ស័យបានជិះតាក់ស៊ីទៅសណ្ឋាគារមួយកន្លែងដែលស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយមានការចូលរួមសហការពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ និងអ្នកគ្រប់គ្រងសណ្ឋាគារ កម្លាំងសមត្ថកិច្ចយើងបានធ្វើរដ្ឋបាលឆែកឆេរបន្ទប់ដែលជនសង្ស័យស្នាក់នៅ (បន្ទប់លេខ 8703) ក៍ឃាត់ខ្លួនបានជនសង្ស័យ និងរកឃើញគ្រឿងញៀនមួយចំនួន រីឯវត្ថុតាងកាំប៉ិតដែលជនសង្ស័យធ្វើសកម្មភាព ជនសង្ស័យបានយកទៅបោះចោលនៅក្នុងលូទឹកមុខសណ្ឋាគារ ហើយត្រូវបានកម្លាំងសមត្ថកិច្ចយើងដកហូតយកមករក្សាទុករួចរាល់ហើយ ។
ជនរងគ្រោះឈ្មោះ Liu Lei ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE3739172 ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរទេសចរណ៍ រងបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅគ្លីនិក​ចិនមួយកន្លែង មានទីតាំងស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ Zhang Xian Jin ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ1432430 ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។
-វត្ថុតាងចាប់យកបាន៖
-កាំបិតស្នៀត១ដើម (ឧបករណ៍ធ្វើសកម្មភាព)
-ថ្នាំW.Y សង្ស័យសារធាតុញៀន ចំនួន ១៨គ្រាប់
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៩កញ្ចប់
-ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង
-ថង់សម្រាប់វេចខ្ចប់មួយចំនួន។
ចំពោះករណីហឹង្សានេះជនសង្ស័យបានឆ្លើយថា ដោយសារជនរងគ្រោះបានមានទំនាក់ទំនងជាមួយសង្សារបស់ខ្លួន ហើយរូបគេខឹងទើបនៅថ្ងៃកើតហេតុ យកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕
អត្ថបទដែលជាប់ទាក់ទង