រដ្ឋបាលស្រុកឈូក “លទ្ធផលតេស្តសំណាក់លើកទី១របស់ប្រជាពលរដ្ឋទាំង១៧នាក់ អវិជ្ជមាន ពុំមានជំងឺកូវីដ.១៩ទាំងអស់ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្តទៀត “
ខេត្តកំពត៖ រដ្ឋបាលស្រុកឈូកខេត្តកំពតសូមជម្រាបជូនដំណឹងដល់សាធារណជនបានជ្រាបថា យោងតាមការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទឺរកម្ពុជាបានបញ្ជាក់លទ្ធផលតេស្តសំណាក់លើកទី១របស់ប្រជាពលរដ្ឋទាំង ១៧នាក់ គឺអវិជ្ជមាន ពុំមានជំងឺកូវីដ-១៩ទាំងអស់ បច្ចុប្បន្នពួកគាត់បានបន្តចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃបន្តទៀត និងស្ថិតក្រោមការតាមដានពីក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត។ សូមបងប្អូនចូលរួមដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីបង្ការ ការពារការចម្លងនៃវីរុសកូវីដ-១៩ដោយអនុវត្តដូចខាងក្រោម ៖
*ទី១៖ សូមកុំទៅផ្សារទិញទំនិញញឹកញាប់ពេក ដោយទៅផ្សារម្ដងៗ ទិញទំនិញទុកសម្រាប់ប្រើប្រាស់ឲ្យបានច្រើនថ្ងៃ។
*ទី២៖ សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្តុំច្រើនកុះករក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្តឲ្យបាន ម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលរួមមាន៖ ៣ការពារ គឺ៖ ១.ពាក់ម៉ាស ២.លាងដៃ និង ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់) ៣កុំ គឺ៖ ១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ ចូលគ្រប់គ្រាន់ ២.កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និង ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម។
*ទី៣៖ ចំពោះបងប្អូនអ្នករត់ម៉ូតូរ៉ឺម៉កកង់បី និង PassApp ត្រូវខិតខំអនុវត្តតាមវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់ដោយបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ដែលមុនពេលភ្ញៀវឡើង និងក្រោយពេលភ្ញៀវចុះពីយានយន្ត ហើយតម្រូវឲ្យពាក់ម៉ាសឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងភ្ញៀវទាំងអស់៕