Detail Top Banner

Updating ចាប់ផ្កាយបីម្នាក់ និងបក្ខពួកបីនាក់ ក្លែងហត្ថលេខានិងត្រារបស់សម្តេចតេជោ ហ៊ុន សែន បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ដោយមានការដឹកនាំ​សម្របសម្រួល​នីតិវិធី​ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល បានបើកការស្រាវជ្រាវ ស៊ើបអង្កេត ករណីផ្កាយបីយោធា និងបក្ខពួកចំនួន ៣នាក់ ពាក់ព័ន្ធករណីក្លែងហត្ថលេខា និងត្រា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធ្វើលិខិត ស.ជ.ណ ពាក់ព័ន្ធដីទំហំ ៨.៦០​ហិកតា ដែលមានទីតាំងស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ក្នុងតម្លៃ ១លាន ៥សែនដុល្លារ។
ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចាប់ខ្លួនកាលពីថ្ងៃទី២៣​-២៦ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី២៧ ខែកុម្ភៈ នេះ ដោយតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។
ជនសង្ស័យ ៤នាក់ដែលចាប់ខ្លួបរួមមាន៖
១.ឈ្មោះ យ៉ែម សារឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
២.ឈ្មោះ សួន ផល្លី ហៅ ប្រឹមប្រិយ៍ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃដើមថ្នឹង៣ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
៣.ឈ្មោះ មាស ភូរិន្ទ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរទីលំនៅបច្ចុប្បន្ន ភូមិក្បាលទំនប់ សង្កាត់
បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤.ឈ្មោះ យ៉ាន់ ចំណាប់ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិក សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមាន អាវយោធាដៃខ្លី ដែលមានផ្លាកឈ្មោះ ឧ.យ៉ាន់ ចំណាប់ និងឋានន្តរស័ក្តិផ្កាយ៣ ១គូរ ទូរស័ព្ទដៃ ៧គ្រឿង រថយន្ត ៤គ្រឿង (Land Cruiser ១គ្រឿង Lexus 330 ២គ្រឿង និង​Mercedes ១គ្រឿង) អាវុធខ្លី ១ដើម និងឯកសារវត្ថុតាងមួយចំនួន។

ឈ្មោះ យ៉ែម សារឿន បានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនជាតំណាងប្រជាពលរដ្ឋ​ ៣១គ្រួសារ នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានផ្តិតមេដៃស្នើសុំកាត់ដីបឹងចំណុចបឹងកញ្ច្រាំចំនួន ៨.៦០ហិកតា ពេលនោះនៅក្នុងឆ្នាំ២០១៧ ខ្លួនបានពឹងពាក់ឈ្មោះ ហម សន្ធិ ឱ្យជួយរត់ការសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងក្រសួងធនធានទឹក ដើម្បីកាត់ដីនេះ ប៉ុន្តែមិនបានសម្រេច។ បន្ទាប់មកនៅឆ្នាំ២០១៩ ឈ្មោះ យ៉ែម សារឿន បានពឹងឈ្មោះ ឡុង សុខ ឱ្យជួយរត់ការម្តងទៀត ប៉ុន្តែមិនបានសម្រេច រហូតមកដល់ឆ្នាំ២០២០ ឈ្មោះ យ៉ែម សារឿន បានពឹងឈ្មោះ សួន ផល្លី ដើម្បីរត់ការសុំ ស.ជ.ណ និងកាត់ដីពីក្រសួងធនធានទឹក នៅចំណុចខាងលើ ដោយមានធ្វើកិច្ចសន្យាព្រមព្រៀងគ្នាលើតម្លៃ និងមានរយៈពេលកំណត់។

លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឈ្មោះ សួន ផល្លី បានផ្ញើលិខិតបង្គាប់ការលេខ៣៨ អអរ/២១ មកឱ្យឈ្មោះ យ៉ែម សារឿន។ បន្ទាប់ពីទទួលបានលិខិតបង្គាប់ការនេះហើយឈ្មោះ យ៉ែម សារឿន បាន​ថត​ចម្លងឯកសារនេះចេញជាច្រើនសន្លឹក និងបានឱ្យឈ្មោះ ម៉េង ទៅសួរមេឃុំព្រែកតាទែន ដើម្បីស្នើសុំការចុះវាស់វែង។

ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ខ្លួនបានទទួលការពឹងពាក់ពីឈ្មោះ យ៉ែម សារឿន ដើម្បីរត់ការកាត់ដីបឹង​កញ្ច្រាំនៅចំណុច ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដែលមានទំហំ ៨.៦០ហិកតាដើម្បីស្នើសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ទីតាំងខាងលើចែកជូនប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដោយធ្វើការព្រមព្រៀងក្នុងតម្លៃ ១.៥០០.០០០$។ បន្ទាប់ពីធ្វើកិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាកម្មធ្វើប័ណ្ណកម្មសិទ្ធិដីរួចមក ខ្លួនបានពឹងពាក់ឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជាអ្នកធ្វើលិខិតបង្គាប់ការពី​រាជ​រដ្ឋាភិបាល លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានផ្ញើឯកសារលិខិតបង្គាប់ការមកឱ្យខ្លួនពិនិត្យមើលខ្លឹមសារ ពេលនោះខ្លួនថា អាចទទួលយកបាន ហើយក៏ឱ្យ យ៉ាន់ ចំណាប់ រៀបចំចុះហត្ថលេខាយកមក។ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានមកជួបខ្លួនដោយយកលិខិតបង្គាប់ការថតចម្លងដែលមានលេខ ៣៨ អអរ/២១ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានដីកាបង្គាប់នេះភ្លាមខ្លួនក៏បាន ហៅឈ្មោះ យ៉ែម សារឿន ឱ្យមកយកដីកាបង្គាប់ការនេះ និងបានទទួលប្រាក់ចំនួន ២១.០០០$ ពីឈ្មោះ យ៉ែម សារឿន។

ឈ្មោះ មាស ភូរិន្ទ ដែលត្រូវជាកូនចៅរបស់ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ឈ្មោះ សួន ផល្លី មានទំនាក់ទំនងជាមួយឈ្មោះ យ៉ាន់ ចំណាប់ និងពាក់ព័ន្ធរឿងរត់ការលិខិតបង្គាប់ការនេះពិតប្រាកដមែន។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានថតរូបឯកសារផ្ញើមកឱ្យឈ្មោះ សួន ផល្លី ហើយឈ្មោះ សួន ផល្លី បានប្រើខ្លួនឱ្យជួយអានខ្លឹមសារឯកសារនោះ។ បន្ទាប់មកឈ្មោះ សួន ផល្លី បានឱ្យខ្លួនផ្ញើប្រាក់ ទៅឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជាច្រើនដងក្នុងមួយដងចន្លោះពី ៣០០$ ទៅ ៥០០$ ហើយឈ្មោះ សួន ផល្លី បានឱ្យខ្លួនបើកឡានជូនគាត់ទៅជួបឈ្មោះ យ៉ាន់ ចំណាប់ និងបានប្រគល់ប្រាក់ជាច្រើននៅហាង​កាហ្វេ PN ម្តុំផ្សារទំនើបអ៊ីអន២។

តាមចម្លើយសារភាពរបស់ ឈ្មោះ យ៉ាន់ ចំណាប់ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខ្លួនបានទទួលការពឹងពាក់ពីឈ្មោះ សួន ផល្លី រត់ការរឿងដីធ្លីរបស់ប្រជាជន ៣១គ្រួសារដែលស្ថិតនៅចំណុច​បឹងកញ្ច្រាំ ទំហំ ៨.៦០ហិកតា នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីធ្វើ ស.ជ.ណ របស់រាជរដ្ឋាភិបាលដោយឈ្មោះ សួន ផល្លី សន្យាថា នឹងឱ្យប្រាក់ទៅខ្លួន ៥០.០០០$ ក្រោយពីធ្វើបានសម្រេច តែខ្លួនបានទារលុយមុនចំនួន១០.០០០$ ។ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឈ្មោះ សួន ផល្លី បានទូរស័ព្ទណាត់ខ្លួនទៅជួបនៅហាងកាហ្វេដដែល និងបានប្រគល់ប្រាក់ចំនួន ១០.០០០$ ទៅឱ្យខ្លួនដើម្បីរត់ការ។

បន្ទាប់មកខ្លួនក៏បានទៅជួបអ្នកកាត់តឯកសារ ដែលស្គាល់គ្នានៅហាងកាហ្វេមួយកន្លែង ដើម្បីឱ្យកាត់តឯកសារធ្វើ ស.ជ.ណ ដោយព្រមព្រៀងគ្នាក្នុងតម្លៃ ១០០$។ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ អ្នកកាត់តបានផ្ញើរូបភាពលិខិតបង្គាប់ការ គ្មានលេខ គ្មានត្រា គ្មានហត្ថលេខា មកឱ្យខ្លួន។ ខ្លួនក៏ផ្ញើបន្តទៅឱ្យឈ្មោះ សួន ផល្លីមើល។ ក្រោយពីព្រមព្រៀងគ្នាលើខ្លឹមសារហើយ ខ្លួនក៏បានឱ្យអ្នកកាត់ត នោះធ្វើលិខិតបង្គាប់ការ ដោយមានលេខ ឈ្មោះ ត្រា និងហត្ថលេខា របស់សម្តេចតេជោ ហ៊ុន សែន ដែលចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ក្រោយមកទៀតខ្លួនបានថតចម្លងលិខិតនេះ ហើយណាត់ជួបឈ្មោះ សួន ផល្លី ដើម្បីប្រគល់លិខិតនេះឱ្យទៅគាត់ និងទទួលបានប្រាក់កក់ ពីឈ្មោះ សួន ផល្លី ១០.០០០$ ទៀត។ រយៈពេលប្រហែលមួយសប្តាហ៍ក្រោយមក ឈ្មោះ សួន ផល្លី បានទាក់ទងសួរអំពីលិខិតច្បាប់ដើម ខ្លួនក៏បានកុហកឈ្មោះ សួន ផល្លី ថា ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ មិនបានប្រគល់ច្បាប់ដើមឱ្យទេ។

លទ្ធផលស្រាវជ្រាវ ៖

ឈ្មោះ យ៉ាន់ ចំណាប់ ពិតជាបានធ្វើលិខិតបង្គាប់ការ លេខ ០៣៨ អអរ/២១ ចុះថ្ងៃទី២៦.០១.២០២១ ចុះហត្ថលេខាដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី (ឯកសារក្លែងក្លាយ) និង បានយកលិខិតបង្គាប់ការនេះទៅឱ្យឈ្មោះ សួន ផល្លី ប្រើប្រាស់កាលពីថ្ងៃទី២៨.០១.២០២១ ពិតប្រាកដមែន។ ចំណែកឈ្មោះ សួន ផល្លី ក៏បានយកលិខិតបង្គាប់ការនេះដដែលទៅឱ្យឈ្មោះ យ៉ែម សារឿន ប្រើប្រាស់ពិតប្រាកដមែន។ ឈ្មោះ យ៉ែម សារឿន បានយកលិខិតនេះទៅឱ្យឈ្មោះ ម៉េង ដើម្បីយកទៅសួរ ស្មៀន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីដាក់ឱ្យអនុវត្ត ។ ការធ្វើលិខិតបង្គាប់ការនេះជាថ្នូរនឹងការផ្តល់ប្រាក់ត្រឡប់មកវិញឈ្មោះ យ៉ែម សារឿន ផ្តល់ប្រាក់ ចំនួន ២១.០០០$ (ពីរម៉ឺនមួយពាន់ដុល្លារ) ទៅឱ្យឈ្មោះ សួន ផល្លី ហើយឈ្មោះ សួន ផល្លី បានយកប្រាក់ ចំនួន ២០.០០០$ (ពីរម៉ឺនដុល្លារ)ឱ្យទៅឈ្មោះ យ៉ាន់ ចំណាប់ កាលពីថ្ងៃទី១៨.០១.២០២១ វេលម៉ោង ១៣:០០នាទី ។ បើតាមកិច្ចសន្យាធ្វើឡើងរវាងឈ្មោះ យ៉ែម សារឿន និងឈ្មោះ សួន ផល្លី នៅពេលណាដែលឈ្មោះ សួន ផល្លី រត់ការបានសម្រេច លើការស្នើរ​សុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងធ្វើប័ណ្ណកម្មសិទ្ធិ នៃដីទំហំប្រហែល ៨.៦០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល គឺតម្រូវឱ្យឈ្មោះ យ៉ែម សារឿន ផ្តល់ប្រាក់ចំនួន ១.៥០០.០០០$ (មួយលានហាសិបម៉ឺនដុល្លារ) ទៅឱ្យឈ្មោះ សួន ផល្លី ។

ករណីនេះបានបែកធ្លាយដល់ថ្នាក់ដឹកនាំ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន រហូតចាត់វិធានការតាមផ្លូវច្បាប់តែម្តង

អត្ថបទដែលជាប់ទាក់ទង