ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៥នាក់ និងមិនមានអ្នកជាសះស្បើយ
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ ថ្ងៃនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ.១៩ថ្មី ចំនួន ១៥នាក់បន្ថែមទៀត ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មាន ១៤នាក់ ដែលភាគច្រើនជាជនជាតិចិន។
ក្រសួងសុខាភិបាលបន្តថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង១៤នាក់ មានជនជាតិចិនចំនួន ១៣នាក់ និងជនជាតិខ្មែរម្នាក់។ ចំណែកឯអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសម្នាក់ ដែលឆ្លងកូវី១៩ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ត្រូវរក្សាគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។