ក្រសួងសុខាភិបាលបានត្រៀមរថយន្តដឹកជញ្ជូនវ៉ាក់សាំងAstraZeneca

ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤ ០០០ដូស ដែលនឹងដឹកមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៧:៥០នាទីយប់ ថ្ងៃទី២ ខែមិនា ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាលបានត្រៀមរថយន្តដឹកជញ្ជូនវ៉ាក់សាំងAstraZeneca រួចរាល់ហើយ  ។
សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពិធីនេះ ក៏នឹងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។
វ៉ាក់សាំងដែលនឹងមកដល់នៅយប់ថ្ងៃទី០២ ខែមីនានេះ គឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)៕
អត្ថបទដែលជាប់ទាក់ទង