រដ្ឋលេខាធិការក្រសួងការពារជាតិ ណែនាំដល់យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ត្រូវអនុវត្តតាមវិធានការ “៣ការពារ និង៣កុំ” ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ ក្នុងឱកាសចុះមកសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន​នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មាន​សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង និងមានសុខសន្តិភាព ដោយបានបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា ទាំង​ស្រុង​ក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ប៉ុន្តែប្រការសំខាន់នៅចំពោះមុខនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាល​ដាលជំងឺកូវីដ-១៩ តាមវិធានការ ៣ការពារ និង៣កុំ ជាពិសេស ត្រូវរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែលធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយនោះឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកជំទាវ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិនទាំងអស់ នៃកងយោធពលខេមរភូមិន្ទ រួមទាំងបងប្អូនយោធិនក្នុងមជ្ឈមណ្ឌលអភិវឌ្ឍ គូលែន៣១៧ ខេត្តសៀមរាប ពិសេសបានសម្ដែងនូវការកោតសរសើរចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិមាតុភូមិរហូតធ្លាក់ខ្លួនពិការ។
ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនោះ ៖ ប្រគល់ជូនអង្ករ ៥តោន និងថវិកាចំនួន៥លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌល​អភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប និងប្រគេនដល់វត្តព្រះខ័នសែនជ័យនូវ អង្ករ ៥០០គីឡូក្រាម ថវិកា១លានរៀល រួមទាំង ត្រីខ មី ប៊ីចេង ស្ករស ទឹកដោះគោ ព្រមទាំងបានផ្តល់ជូនគ្រួសារយោធិនពិការចំនួន៣០៤គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបាន ត្រីខ មី  ស្ករស ប៊ីចេង ទឹកដោះគោ និងថវិកា៣ម៉ឺនរៀល ផ្តល់ជូនសិស្សានុសិស្ស ចំនួន ៦៥៧នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ៥ពាន់រៀល សៀវភៅ២ក្បាល និងប៊ិច១ដើម៕ by AKP
អត្ថបទដែលជាប់ទាក់ទង