ក្រសួងចំនួន២ ផ្សព្វផ្សាយច្បាប់ ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយច្បាប់ស្តីពី​«វិធានការទប់ស្កាត់ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ និងជំងឺឆ្លង​កាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» តាម​រយៈ​ការធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដើម្បី​បំភ្លឺឱ្យសារធារណៈជនបានយល់ដឹង​ពី​ច្បាប់នេះ ឱ្យបានទូលំទូលាយរួមគ្នាទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាព។

ថ្លែងក្នុងសន្និសីទបំភ្លឺរឿងបង្កើតច្បាប់” ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ និងជំងឺឆ្លងកាចសាហាវ ” នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួង​សុខា​ភិបាល ឯកឧត្តមសាស្ត្រា​ចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានមាន​ប្រសាស​ន៍​ថា សន្និសីទសារព័ត៌មាននាពេលនេះដើម្បី ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង របស់​ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការចូលរួមអនុវត្តវិធានការសុខាភិបាលចាំបាច់នានា សំដៅ​ការពារអាយុជីវិត សុខភាពសាធារណៈ សណ្តាប់ធ្នាប់សង្គម ព្រមទាំងកាត់បន្ថយឱ្យ​បាន​ជា​អតិបរិមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម សេដ្ឋកិច្ចនៅក្នុង​ប្រទេស​កម្ពុជា ។

«ការរៀបចំឱ្យមានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងជំងឺ​ឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត គឺជាការចាំបាច់បង្កើតឱ្យមាន​មូល​ដ្ឋានគតិយុត្តមួយរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីបម្រើដល់ការប្រយុទ្ធ ទប់​ស្កាត់​និងការបង្ការការពារ ការឆ្លងរាលដាលនៃជំងឺ​កូវីដ-១៩ ហើយច្បាប់នេះក៏​បង្កើតបានជា​មូលដ្ឋានដ៏សំខាន់ ដើម្បីបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុនក្នុងការបង្ការទប់ស្កាត់ ឱ្យកាន់មានប្រសិទ្ធភាពថែមទៀត ធានាបាន នូវការទប់ស្កាត់ការឆ្លង​រាល​ដាល​នៃជំងឺ​ផ្សេងៗ​ទៀត ដែលមានកម្រិតនៃការឆ្លងរាលដាលកាចសាហាចឆាប់រហ័ស និងមាន កម្រិតគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ ដែលអាចកើតមាន​ជា​យថា​ហេតុ នាពេលអនាគត » ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់នេះបានកសាងឡើង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ ការចម្លង ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍កម្ពុជា ជា​ពិសេស ​គឺការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាព សាធារណៈ។
« ច្បាប់នេះការរៀបចំឡើងដើម្បីអី គឺដើម្បីជួយការពារអាយុជីវិតរបស់បងប្អូនជន​រួម​ជាតិ ជួយការពារហើយ បើយើងធ្វើការងារនេះបានជោគជ័យគឺយើងនឹងអាចនាំសង្គមជាតិ​ យើង​ទៅដល់ភាពប្រកតីឡើងវិញ កន្លែង​នេះ​កន្លែង សំខាន់ណាស់ អ៊ីចឹងហើយបានជាខ្ញុំ​បញ្ជាក់​នៅក្នុងព្រឹទ្ធសភាថា ច្បាប់នេះធ្វើឡើងក្នុងគោល​បំណងតែមួយគត់ គឺការពារ​អាយុ​ជីវិតរបស់ប្រជាជននិងសុខភាពសាធារណ ហើយ​ច្បាប់នេះដាក់​ទោស តែចំពោះអ្នកដែល​មិន​គោរពវិធានការ ក្នុងការប្រយុទ្ធ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយដែល​អាចផ្តាច់ជីវិតរបស់ប្រជាជន​កម្ពុជា និងបង្កមហន្តរាយ ដល់សង្គមជាតិតែប៉ុណ្ណោះ »។
សូមបញ្ជាក់ថា ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង​កាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសឱ្យប្រើ​ប្រាស់​ជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ដោយមាន ៦ជំពូក និង ១៨មាត្រា ដោយបានផ្តោតសំខាន់ថា បើបុគ្គល​ណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពី​ទីកន្លែង ចត្តាឡីស័ក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ​១០លាន​រៀល កាលបើអំពើ ខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។ ដោយឡែក ចំពោះបុគ្គលណាគេច វេះពីការព្យាបាល ឬ គេច​ចេញពីទី​កន្លែង​ព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លាន​រៀលទៅ ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាល​ឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕
អត្ថបទដែលជាប់ទាក់ទង