អភិបាលខេត្តព្រះសីហនុចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន​អញ្ជើញ​ចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារ​ជំងឺ​កូវីដ-១៩ ដែលមានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិ​ថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្រោយ​ពីទទួលបានបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលរួចមក រដ្ឋបាលខេត្ត បានសម្រេច​ជ្រើសរើសទីតាំងខាងលើ សម្រាប់ត្រៀមបម្រុងរៀបចំធ្វើជាកន្លែងបូជាសព​អ្នកស្លាប់ដោយ​សារ​ជំងឺកូវីដ-១៩ ក្នុងករណីមានគ្រោះអកុសលកើតឡើងដោយប្រការណាមួយ។

សូមជម្រាបជូនថាទីតាំងខាងលើនេះ គឺស្ថិតនៅដាច់ឆ្ងាយពីភូមិឋានរបស់​ប្រជាពលរដ្ឋ​រស់​នៅ និងមានព្រៃឈើហ៊ុំព័ទ្ធជុំវិញ ដែលអាចរក្សាបានសុវត្ថិភាព និងបញ្ចៀសនូវ​ប៉ះពាល់​ផ្សេងៗ​៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង