ការប្រើប្រាស់បារីអេឡិចត្រូនិច អាចនាំឲ្យយុវជនឈានទៅប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា អះអាងថា ការប្រើប្រាស់បារីអេឡិចត្រូនិច អាចនាំឲ្យយុវជន​ឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀតនាពេលអនាគត។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបានប្រាប់វិទ្យុជាតិកម្ពុជាថា បារីអេឡិកត្រូនិក និងអេចឈ៍ ធី ភី គឺមានភាពទាក់ទាញ និងអាចជាច្រកទ្វារមួយ ទៅកាន់ការប្រើប្រាស់​គ្រឿងញៀនខុសច្បាប់ផ្សេងទៀតនៅក្នុងក្រុម នាពេលដែលយុវជនបែកគំនិតប្ដូរពីការជក់បារីនេះវិញ។
«ការប្រើប្រាស់បារីអេឡិចត្រូនិច គឺជាច្រកផ្លូវ ដើម្បីឱ្យយុវជនប្រើប្រាស់គ្រឿងញៀននៅពេលអនាគតពីព្រោះប្រើប្រាស់បារីអេឡិចត្រូនិចក៏មានលក្ខណស្រដៀង​ជាមួយការប្រើ​ប្រាស់គ្រឿងញៀនដែរ ដោយសារពួកគាត់ចូលចិត្ដប្រើរួមគ្នាជាក្រុម ហើយនៅថ្ងៃណាមួយគាត់គិតថា ការប្រើបារីអេឡិចត្រូនិចនេះ មិនមានភាពរំភើបរីករាយដល់កម្រិតនោះទេ អ៊ីចឹងគាត់ប្ដូរទៅប្រើគ្រឿងញៀននៅក្នុងក្រុមវិញ»។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ បារីអេឡិចត្រូនិក និងអេចឈ៏ ធី ភី ត្រូវបានគេផ្សព្វផ្សាយលក់ យ៉ាងគគ្រឹក​គគ្រេងតាមរយៈបណ្ដាញពត៌មានសង្គម ដែលធ្វើអោយប្រជាពលរដ្ឋ ជាពិសេសយុវជនចាប់ផ្ដើម និងបន្តការប្រើប្រាស់។
លោកលោកវេជ្ជបណ្ឌិត ក៏បានព្រមានថា ការប្រើប្រាស់បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី (HTPs) បណ្ដាល​ឱ្យញៀន កើតជម្ងឺសួតធ្ងន់ធ្ងរ និងបង្កើនហានិភ័យនៃជំងឺបេះដូង រហូតបាត់បង់ជីវិតផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក មានការរងរបួសសួតប្រមាណជិត​៣០០០​ករណីពាក់ព័ន្ធការប្រើប្រាស់បារីអេឡិកត្រូនិច និងអេចឈ៍ ធី ភី (HTPs) ក្នុងនោះមានអ្នកស្លាប់ជិត ៧០នាក់ ៕ by AKP
អត្ថបទដែលជាប់ទាក់ទង