អត់មានបិទផ្សារដើមគរទេ ការផ្អាកការចរាចរនិងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានី ១៤ថ្ងៃ មិនប៉ះពាល់ដល់ការបែងចែកបន្លែ ផ្លែឈើ នៅផ្សារដើមគរទេ
ភ្នំពេញ៖ ផ្សារដើមគរ គឺជាផ្សារធំមួយនៅក្នុងរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តក្រុងមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ចំពោះសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍នោះ សំរាប់ទីផ្សារដើមគរមិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរ ដូចធម្មតា ដោយគណៈកម្មការផ្សារបាននិងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការបំពេញឯកសារនិងកាតសំគាល់ខ្លួន ជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរទាំងនេះ ដើម្បីឲ្យពួកគាត់មានសិទ្ធិ អាចធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញ ដោយមិនមានការឃាឃាំងនិងពិន័យពីអាជ្ញាធរមានសមត្ថកិច្ច។
លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០២ ខែមេសានេះថា ចំពោះផ្សារដើគរ គឺមិនមានការបិទការលក់ដូរ ឬផ្គត់ផ្គង់បន្ថែម ផ្លែឈើនោះទេ ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ ខាងគណៈកម្មការផ្សារ បាននឹងកំពុងរៀបចំ ធ្វើកាតសម្គាល់ខ្លួនជូនពួកគាត់ហើយ ដើម្បីឲ្យពួកគាត់បានមកបំពេញការងារ និងប្រកបអាជីវកម្ម ដោយមិនមានការឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ម្សិលម៉ិញនេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ហើយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវដកហូតមធ្យោបាយ អ្នកដែលបន្ដធ្វើដំណើរដោយមិនចាំបាច់ បំពាននឹងបំរាមគោចរដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។
សេចក្តីសម្រេចនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថេរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕