ថ្នាក់ដឹកនាំខេត្តប៉ៃលិន ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាកលោកយាយយ៉ាត

​ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ្នកតំណាងរាស្ត្រ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរគ្រប់អង្គភាព បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងដង្វាយ ភ្លេងពិណពាទ្យ របាំជូនពរ និងរបាំក្ងោក ថ្វាយជូនរូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និង​បងប្អូនជនរួមជាតិទាំងអស់ ឱ្យទទួលបានសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច ជាពិសេសជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19)។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅអាស្រមលោកយាយយ៉ាត ក្បែរជើងភ្នំយ៉ាត ជាប់ផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលចម្ងាយពីទីរួមខេត្តប្រមាណ ២គីឡូម៉ែត្រ។
បើតាមការបញ្ជាក់របស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការធ្វើពិធីបួងសួង​សុំសេចក្តីសុខសេចក្តីចម្រើននាពេលនេះ គឺចង់បានពរជ័យពីលោកយាយយ៉ាត ដែលមានបារមីថែរក្សាលើទឹកដីត្បូងពេជ្រ សូមតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងប្រទេសជាតិឱ្យជៀសផុតពីគ្រោះធម្មជាតិ​នានា និងជំងឺដង្កាត់ផ្សេងៗ ជាពិសេស​ជៀសចេញឱ្យផុតពីជំងឺកូវីដ១៩ (Covid-19)​​ ដែលកំពុងចម្លងរីករាល​ដាល​​នៅក្នុងប្រទេស និងនៅទូទាំង​សកលលោក។
​នៅក្នុងឱកាសនោះផងដែរ បើទោះបីជាខេត្តប៉ៃលិន ពុំទាន់មានករណីជម្ងឺកូវីដ-១៩ (COVID-19) ផ្ទុះឆ្លងចូលសហគមក៏ពិតមែន តែក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកជំទាវ បាន ស្រីមុំ បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ និងជំងឺឆ្លងផ្សេងៗ ដោយអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា៖ រូបសំណាកធំរបស់​លោកយាយ​​យ៉ាត ដែលស្ថិតនៅក្នុងអាស្រម ក្បែរជើងភ្នំយ៉ាត​នេះ ត្រូវបានកសាងឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១១​​ គឺចំណាយថវិកាផ្ទាល់របស់​ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដោយធ្វើពីថ្មភក់នៅខេត្តកំពង់ធំ​ មានកម្ពស់​​ ៣,៨០​ម៉ែត្រ បល្ល័ង្ក​ទំហំប្រវែង ​២,៤០ម៉ែត្រការ៉េ និង​មាន​ទម្ងន់​សរុប​ ៣២​តោន ៕ ដោយ កឹម ឈៅ
អត្ថបទដែលជាប់ទាក់ទង