គណៈបញ្ជាការឯកភាពរាជធានីសំរេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង មិនឲ្យចេញ ចូលពីផ្ទះមួយទៅផ្ទះមួយនិងពីភូមិមួយទៅភូមិមួយ
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសំរេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង ដោយមិនឲ្យបងប្អូនប្រជាពលរដ្ឋចេញ ចូលពីផ្ទះមួយទៅផ្ទះមួយនិងពីភូមិមួយទៅភូមិមួយឡើយ ។ បើមានបញ្ហាអ្វីមួយដូចជាបញ្ហាសុខភាព ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទីផ្សារបន្លែ ត្រីសាច់ ហូប ចុក មិនត្រូវបានបិទនោះទេ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មេប៉ូលីស និងមេកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានបញ្ជាក់ថា ការសម្រេចរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងតែម្តង ដូចដែលយើងបានបិទខ្ទប់ខណ្ឌ៣កន្លងមកអញ្ចឹងដែរ ដោយមិនឲ្យបងប្អូនប្រជាពលរដ្ឋចេញ ចូលពីផ្ទះមួយទៅផ្ទះមួយនិងពីភូមិមួយទៅភូមិមួយឡើយ។
លោកបន្តថា ៖ ចំពោះទីផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែត្រីសាច់ យើងមិនបានបិទទេ ហើយបងប្អូនប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារបានក្នុង ១សប្តាហ៍ម្តង ឬ២ដង ជាក់ស្តែង ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ ។
ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានជម្ងឺជាក់ស្តែង ។
ឯកឧត្តម ឃួង ស្រេង បន្តថា ៖ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងនេះនឹងចាប់ផ្តើមអនុវត្តនៅម៉ោង០០ឆ្លងចូលថ្ងៃទី១៥ មេសា ថ្ងៃនេះ ។
ចំពោះគោលដៅដែលត្រូវដាក់បិទការធ្វើដំណើរ ចេញ ចូល រាជធានី មានច្រើនគោលដៅ ក្នុងនោះមាន ផ្លូវជាតិលេខ១ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ២ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ៣ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល ផ្លូវជាតិលេខ៥ នៅព្រំប្រទល់ស្រុកពញ្ញាឮ ខេត្តកណ្តាល ផ្លូវជាតិលេខ៦ នៅព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង បានជម្រុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឱ្យគាត់ពិបាករហូតគ្មានអីហូបចុកនោះទេ ៕