លោក កើត ឆែ អាជ្ញាធររាជធានីបាននឹងកំពុងរៀបចំចាត់ចែងយកស្បៀងអាហារ ចុះចែកជូនប្រជាពលរដ្ឋនិងកម្មករទីទាល់ក្រជាង ១ម៉ឺនគ្រួសារនៅថ្ងៃទី២៦មេសានេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ដោយការសហការគ្នាជាមួយនឹងកម្លាំងកងទ័ពជើងគោកបាននឹងកំពុងរៀបចំ ចាត់ចែង យកស្បៀងអាហារ ចុះទៅចែកជូនប្រជាពលរដ្ឋនិងកម្មករទីទាល់ក្រជាង១ម៉ឺនគ្រួសារនៅថ្ងៃទី​២៦ មេសា នេះ ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជ​ធានីភ្នំពេញ ដោយក្រុមការ​ងារទាំងអាជ្ញាធរខណ្ឌ ក៏ដូចជាកងកម្លាំងទាហានបានកំពុងដុតដៃ ដុតជើង ក្នុងការដឹកជញ្ជូនស្បៀងអា​ហារ​ទៅតាមដាលគោលដៅខណ្ឌនីមួយៗដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ខណៈដែល​ពួកគាត់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។
ការបញ្ជាក់ខាងលើនេះរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈដែរលោកធ្វើជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីលោក យុន ប៊ុនលី និងលោកស្រី ហៀវ លន់ សមាជិក សមាជិកា សមាគមកាយរឹទ្ធិនារីកម្ពុជា នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ ។
អំណោយដែលប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ មានអង្ករចំនួន ១៥តោន ដើម្បីយកទៅចាត់ចែងក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ ពីមួយថ្ងៃទៅមួយថ្ងៃ នៅតែបន្តការ​រាល​ដាលឥតឈប់ឈរ ។
ក្រៅពីការលើកឡើងខាងលើលោក កើត ឆែ ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស្រី ជាសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ ដែលនេះជាកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ ដោយបានចូលរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីក​រាលដាលនៃ មេរោគ​កូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា៕
អត្ថបទដែលជាប់ទាក់ទង