ប៊ី អិន អាយ កម្ពុជា ឧបត្ថម្ភ អង្ករ ១៦តោន ជូនរដ្ឋបាលរាជធានីដើម្បីជួយពលរដ្ឋដែលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩

ភ្នំពេញ៖ អង្ករ ១៦តោន ត្រូវបានថា្នក់ដឹកនាំ និងសមាជិក សមាជិកា ប៊ី អិន អាយ កម្ពុជា (BNI Cambodia) ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះឬប៉ះពាល់ធ្ងន់ធ្ងរពីជម្ងឺរាតត្បាតកូវីដ-១៩។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៩មេសា នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើង​ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានី ភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមា​ជិកា ប៊ី អិន អាយ កម្ពុជា (BNI Cambodia) ដែលបានឧបត្ថម្ភ អង្ករ ចំនួន ១៦តោននេះ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព​ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩(Covid-19)។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះ​ភ័យ នៃការរាតត្បាតពីមេរោគកូវីដ​-១៩ (Covid-19)៕
អត្ថបទដែលជាប់ទាក់ទង