លោកឧកញ៉ា ស្រី ចាន់ថន និងអាជ្ញាធរសង្កាត់បន្តចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់កំពង់សំណាញ់
ខេត្តកណ្តាល៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីគណៈប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់កំពង់សំណាញ់ និងឧកញ៉ាស្រី ចាន់ថន អនុប្រធានក្រុមការងារចុះជួយសង្កាត់កំពង់ សំណាញ់ បានចុះចែកអំណោយជាគ្រឿង ឧបភោគបរិភោគជូនដលកម្មករ-កម្មការិនីចំនួន២៧៧នាក់និងប្រជាពលរដ្ឋ ក្រីក្រចំនួន ១៦៨គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការបិទខ្ទប់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។
ក្នុងពិធីនេះឯកឧត្តម ង៉ោ សុវណ្ណ និងលោកឧកញ៉ា ស្រី ចាន់ថន មានប្រសាសន៍ថានៅក្នុងកាលៈទេសៈដ៏លំបាកនេះក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះគឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នាចូលរួមដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។ ឯកឧត្តមបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ សូមកុំមានការធ្វេសប្រហែសពីជំងឺកូវីដ១៩នេះឲ្យសោះនឹងសូមប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះថែរក្សាសុខភាពអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងដៃជាមួយ អាកុល ឬសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស់ជាប្រចាំ បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ។
ឯកឧត្តមបញ្ជាកថាអំណោយទាំងអស់នេះអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយ:ពេលខ្លីទេ ហើយប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗទៀតត្រូវផ្តល់ដំណឹងមកអជ្ញាធរមូលដ្ឋានសង្កាត់ ដើម្បីមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ ឯកឧត្តមក៏បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អោយបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។ សូមបញ្ជាក់ថា៖អំណោយដែលចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរួមមាន៖ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវមួយយួរ អង្ករ ១០គីឡូ ត្រីខ ១០កំប៉ុង មី ២០កញ្ចប់ និងត្រីចំហុយមួយចំនួនផងដែរ៕