ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានសុខាភិបាលឱ្យល្អ បើមិនចង់ឲ្យមានការវិលត្រឡប់ទៅរកការបិទខ្ទប់ដូចមុនទេ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងប្រទេស បើមិនចង់វិល ត្រឡប់ទៅរកការបិទខ្ទប់ដូច មុន​ទេ​ត្រូវតែអនុវត្តវិធានសុខា ភិបាលឱ្យបានម៉ឺងម៉ាត់បំផុតពិសេសវិធានការរបស់រាជរដ្ឋា ភិបាល៣ការពារ ៣កុំ ដើម្បីចៀសផុតពីការឆ្លង​​ជំងឺ​​កូវីដ- ១៩ទៅខ្លួនឯងនិងក្រុមគ្រួសារ។
លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យនៃក្រសួងសុខាភិ បាលបានមានប្រសាសន៍ថាទោះបីរាជរដ្ឋាភិបាល​ចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់នៅទូទាំងប្រទេសយ៉ាង ណាក្តី តែការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនក្នុងការទប់​ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅតែបន្តពិសេសតំបន់ដែលប្រឈមខ្ពស់ ព្រោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមិនទាន់បិទបញ្ចប់នៅឡើយទេ។
លោកជំទាវវេជ្ជបណ្ឌិតបន្តថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជា មួយនឹងមេរោគឥតស្រមោលនេះ កុំឱ្យសាយភាយបន្តទៀតប្រជាពលរដ្ឋត្រូវ​​តែអនុវត្តនូវវិធានសុខាភិបាល និងវិធាន ការរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនជាទីបំផុតគឺត្រូវតែពាក់ម៉ាសគ្រប់ពេលចេញក្រៅ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយជែលឬសាប៊ូ រក្សាគម្លាត និងកុំទៅកន្លែងដែលប្រមូលផ្តុំមនុស្សច្រើន ។
សំឡេង៖”ប្រសិនបើយើងមិនចង់វិលត្រឡប់ទៅរកស្ថាន ភាពបិទខ្ទប់ឡើងវិញទេហើយយើងមិនចង់វិលត្រឡប់ឃើញស្ថានភាពវាយលុក​ខ្លាំង​​ក្លានៃ​វីរុសកូវីដ-១៩ដូចប្រទេសឥណ្ឌានោះទេ នៅពេលនេះគឺជាការអនុវត្តនិងការទទួល ខុសត្រូវរបស់បុគ្គលគ្រប់រូបជាចាំ​​បាច់ក្រោយពេលយើងបិទខ្ទប់នេះបុគ្គលគ្រប់រូបត្រូវតែអនុវត្តជាដាច់ខាតគោរពឱ្យបាននូវវិធានការសុខាភិបាលជាពិសេសវិធានការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកបានប្រកាសហើយប្រកាសទៀត ៣ការពារ៣កុំនេះ យើងត្រូវអនុវត្តន៍ឱ្យបានហ្មត់ចត់ជាទី បំផុត។
លោកជំទាវវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ការរកឃើញអ្នកជំងឺកូវីដ១៩ ច្រើន អាចជាសញ្ញាល្អផងនិងសញ្ញាមិនល្អផង។ ចំណុចល្អគឺក្រុមគ្រូពេទ្យមានសមត្ថភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ- ១៩បានទាន់ពេលវេលាអាចព្យាបាលបានលឿនកាត់ បន្ថយហានិភ័យនៃការស្លាប់។ដោយឡែកសញ្ញាមិនល្អគឺមេរោគដ៏កាចសាហាវនេះវាអាចស្ថិតនៅកន្លែងណាផ្សេង ទៀត ដែលយើង​រកពុំទាន់ឃើញ ដូច្នេះប្រជាពលរដ្ឋត្រូវ តែអនុវត្តកាតព្វកិច្ចដែលអាជ្ញា ធរមូលដ្ឋានបានណែនាំឱ្យបានខ្លាំងក្លាបំផុត ដើម្បីកាត់ផ្តាច់ប្រភពចម្លងមេរោគដែលរាតត្បាតជាសកលនេះ។
សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន១៦ ៩៧១ នាក់ ខណៈ អ្នកជាសះស្បើយមានចំនួន ៦ ០១៩នាក់ និងមានអ្នកស្លាប់ចំនួន១១០ នាក់។ បញ្ហានេះគេសង្កេតឃើញថា ចំនួនករណីឆ្លងថ្មី​នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ៕ by AKP
អត្ថបទដែលជាប់ទាក់ទង