ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ប្រគល់ស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយមេរោគកូវីដ-១៩
ភ្នំពេញ ៖ ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED បានប្រគល់ស្បៀងអាហារមួយចំនួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះនៅតែបន្តការរាតត្បាត ដោយបានធ្វើអោយប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ហើយបានឆ្លងនិងបានធ្វើឱ្យចំនួន អ្នកស្លាប់កើនឡើងរហូតដល់ជាង ១០០នាក់ហើយ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ឧសភានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ដែលបានឧបត្ថម្ភ ទឹកស៊ីអុីវឆ្មាខ្មៅចំណុះ ៥០០មីលីលីត្រ ចំនួន ២៥០០កេស មីម៉ីសាន ២៥០ក្រាម ចំនួន ៨៣៤កេស និងប្រេងឆា អរឃីដ ចំណុះ ១លីត្រ ចំនួន ១៦៦៧កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលន មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ ៕