សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគល់ថវិកានិងស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩
ភ្នំពេញ៖ អំណោយជាថវិកានិងស្បៀងអាហារជាច្រើនមុខរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” នៅរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ឧសភានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅភូមិគ្រឹះរបស់សម្តេច ហេង សំរិន នៅចំការមន ខណ្ឌចំការមន ។
អំណោយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន ថវិកាចំនួន ២០០០០០០០រៀល អង្ករនាងមិញ ចំនួន ១១២៥០គីឡូក្រាម ត្រីខ ចំនួន ៤៥កេស មី ចំនួន ៤៥០កេសតូច ពងទាចំនួន ៤៥០០គ្រាប់ សាប៊ូ (សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ) ចំនួន ៤៥០កញ្ចប់។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានមានប្រសាសន៍ថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មិនត្រឹមតែបានរំដោះប្រទេសចេញពីរបបប៉ុលពតទេ នៅពេលនេះពេលប្រជាពលរដ្ឋជួបទុក្ខភ័យសម្តេចបានជួយឧបត្ថមជាជាថវិកា និងស្បៀងអាហារជាច្រើនមុខថែមទៀត ជូនប្រជាពលរដ្ឋ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ លោកសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដែលបានឧបត្ថម្ភ អំណោយជាថវិកានិងស្បៀងអាហារជាច្រើនមុខខាងលើនេះ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលតំបន់មួយចំនួននៃខណ្ឌនេះ មានតំបន់ក្រហម។ ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ ស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ដែលកន្លងមកសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងបានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដោយឈរលើបុព្វហេតុជាតិ សំដៅជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ បណ្តាលមកពីការរាតត្បាត នជំងឺកូវីដ-១៩។
ឯកឧត្តម ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” បានប្រមាណជាង៣០ម៉ឺនគ្រួសារហើយ នៅរាជធានីភ្នំពេញ ហើយក៏មិនទាន់មានប្រទេសណាមួយយកអំណោយទៅប្រគល់ឱ្យប្រជាពលរដ្ឋដល់មុខផ្ទះនោះដែរ តែសម្រាប់កម្ពុជាយើងបាននិងកំពុងអនុវត្តការងារនេះ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ។
ក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លលើឡើងថា អំណោយទាំងនេះ ជាអំណោយ ដែលចៅរបស់ សម្តេចប្រគល់ជូនសម្តេច ទើបសម្តេចសម្រេចប្រគល់មកឱ្យរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទុះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” នៅរាជធានីភ្នំពេញ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទំាងមូល បើទោះបីជាពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។ សម្តេចបានលើកទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួននិងបង្កើតភាពស៊ាំក្នុងសហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង៕