ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

ខេត្តកំពត៖ រសៀលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តកំពត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនផលិតកំបោរ និងម៉្សៅបៀកភ្នំមាស នូវអង្ករ ២តោន ម៉ាស់ចំនួន ៥០០០ម៉ាស់ អាល់កុលលាងដៃចំនួន ៦០លីត្រ ទឹកបរិសុទ្ធចំនួន៣០កេះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់បម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ដែលបាននាំយកអំណោយមនុស្សធម៌ ជាអង្ករ ម៉ាស អាល់កុលលាងដៃ និងទឹកបរិសុទ្ធ ឧបត្ថម្ភ​ជូន​ដល់រដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវការចាំបាច់នាពេលនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយទាំងនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងវិធានការ ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពតបច្ចុប្បន្នបាននឹងកំពុងយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល លើសុខមាលភាពប្រជាពលរដ្ឋឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងបន្តយកទៅផ្ដល់ជូនឲ្យដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពស្ថាប័នគោលដៅពាក់ព័ន្ធ នៅមូលដ្ឋាន សម្រាប់​បម្រើឲ្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពតទាំងមូល៕ (ដោយ ធិន គ្រុយ)
អត្ថបទដែលជាប់ទាក់ទង