ដល់ដៃប្អូនស្រីហើយ!! រង្វាន់លើកទឹកចិត្តចំនួន ១០លានរៀល អំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូន មនុស្សទី ២លាន ដែលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកថវិកាចំនួន ១០លានរៀល និង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន ក្មួយស្រី ទិត ចិន្តា អាយុ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ ជាមនុស្សទី ២លានដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងកាលថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលម្ជុលទី១ បានទៅ ឯកឧត្តម ហ៊ុន ម៉ាណែត។
ថ្ងៃ១១ ខែមេសា ឆ្នាំ២០២១ បានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំងដែលបានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់ ១០លានរៀលផងដែរ។
ដោយឡែក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញមនុស្សទី២លាន បានទៅក្មួយស្រី ទិត ចិន្តា អាយុ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់ ១០លានរៀលទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១នេះថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាឲ្យល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវឲ្យយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។
សម្តេចបន្តថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង ១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ ១០លាននាក់ប៉ុណ្ណោះ ថ្ងៃនេះយើងចាក់បាន ២លាននាក់ ស្មើនឹង ២០ភាគរយរួចទៅហើយ។
ការចាក់វ៉ាក់សាំងនេះយើងក៍បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព៕ ដោយ: ទទក