អាជ្ញាធរខណ្ឌកំបូលចុះពិនិត្យជួសជុលផ្លូវសំបុក្រមាន់និងស្តាប្រឡាយក្នុងមូលដ្ឋានរបស់ខ្លូន ក្រោយពីមានគេចាក់លុបកន្លងមក

ភ្នំពេញ៖ ដើម្បីធានាបាននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកនិងប្រកបកិច្ចការងារ ក្នុងមូលដ្ឋានដោយ សុខសុវត្ថិភាព និងបង្កាការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ អាជ្ញាធរខណ្ឌកំបូលបានចាត់​មន្រ្តី​របស់ខ្លួនចុះពិនិត្យជួសជុលផ្លូវសំបុក្រមាន់និងស្តារប្រឡាយបើកមុខទឹកហូរសងខាងផ្លូវ ក្នុងមូលដ្ឋាន ដែល​ត្រូវបានគេចាក់លុប នាពេលកន្លងមក។


ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ខែឧសភានេះ អាជ្ញាធរខណ្ឌកំបូលដឹកនាំដោយលោក សេង គន្ធ អភិបាលរង តំណាង​អភិបាលខណ្ឌ បានដឹកនាំកម្លាំងជំនាញចុះស្តារប្រឡាយសងខាងផ្លូវចូលសាលាខណ្ឌ ក្នុងភូមិ​កប់​អំបិល សង្កាត់កំបូល ដែលមានប្រវែងប្រមាណជាង ២ពាន់ម៉ែត្រ ដើម្បីបើកមុខទឹកអោយហូរបញ្ជៀសការ​ជន់​លិចក្នុងរដូវវស្សានេះ ដែលប្រឡាយទាំងនោះត្រូវបានគេចាក់ដីលុបក្នុងរដូវប្រាំងកន្លងមកនេះជាមួយគ្នានោះក៏បានចុះគូសវៀសកំណត់ទីតាំងផ្លូវ​សំបុក្រមាន់ ដែលរងការខូចខាត ដើម្បីធ្វើការជួសជុលឡើងវិញ អោយទាន់ពេលវេលា។


លោក សេង គន្ធ អភិបាលរងខណ្ឌកំបូលបានមានប្រសាសន៍អោយដឹងថា បើទោះជាមមាញឹកនឹង​ការងារ​ទប់​ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាអនុវត្តតាមផែនការក្នុងការដឹកជញ្ជូនអំណោយ​មនុស្សធម៌​របស់​សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា​តាម​ប្រសាសន៍របស់អភិបាលរាជធានីភ្នំពេញយ៉ាងណាក៏ដោយ ក៏លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បាន​ដាក់​ផែនការអោយមន្រ្តីជំនាញរបស់ខ្លួនចុះពិនិត្យស្ថានភាពផ្លូវ និងប្រឡាយទឹកនានានៅក្នុងមូលដ្ឋាន​របស់​ខ្លួន​ផងដែរ។


លោក សេង គន្ធ បានបញ្ជាក់ផងដែរថា មានកំណាត់ផ្លូវជាច្រើនរងការខូចខាតជាបន្តបន្ទាប់ ដោយសាររថយន្ត​ដឹកដី និងរថយន្តដឹកលើសទំងន់កំណត់ យ៉ាងអាជ្ញាធរត្រូវធ្វើការជួសជុលដោយបានទាន់ពេលវេលា​និងតាម​លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបការងាររកទទួលទានរបស់បងប្អូន​ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង