សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះពិនិត្យទីតាំងដី សម្បទានសង្គមកិច្ចដំណាក់ត្រយឹង និងពិនិត្យដំណើរការរៀបចំលំនៅដ្ឋាន ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព
ខេត្តពោធិ៍សាត់៖ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង ចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជន កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់ថវិកាតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់សាងសង់ផ្ទះ ជូនដល់គ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ៦២៨គ្រួសារ រស់នៅលើសម្បទានដីសង្គមកិច្ច ទំហំជាង ៩០០ហិកតា ដែលបានផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់។
នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយលោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងពិការភាព ចំនួន៤២គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗ និងជាពិសេសលើកទឹកចិត្តដល់កងកម្លាំង និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិឋានថ្មីនេះ ឱ្យលេចចេញជារូបរាងឡើង។
ក្នុងនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងបន្តផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពទាំង ៦២៨គ្រួសារ នៅខេត្តពោធិ៍សាត់ ឱ្យបានគ្រប់ចំនួន ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ។ ការផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះនេះ គឺជាការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែសម្តេច ធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងមានប្រវត្តិតស៊ូជាច្រើនរាប់មិនអស់ ជាមួយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។