អាជ្ញាធរសម្រេចផ្អាក ការលក់ដូរនៅផ្សារ «ដូនស» នៅស្រុកស្វាយជ្រំ ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩
ខេត្តស្វាយរៀង៖ អាជ្ញាធរស្រុកស្វាយជ្រុំ នៃខេត្តស្វាយរៀង បានសម្រេចផ្អាកការលក់ដូរនៅ «ផ្សារដូនស» ស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ម្នាក់ និងអ្នកប៉ះពាល់ផ្ទាល់ ប្រយោលមួយចំនួនទៀត ដែលជាអ្នករស់នៅ និងលក់ដូរក្នុងផ្សារនេះតែម្ដង។
នាព្រឹកថ្ងៃទី២៣ ខែឧសភា នេះថា ពលរដ្ឋដែលមានវិជ្ជមានជំងឺកូវីដនោះ មានឈ្មោះ ឆាន់ សំ អាយុ៧១ឆ្នាំ ដោយគាត់មានទីលំនៅជិតផ្សារដូនសនេះតែម្ដង។
លោកបានបន្តថា ដំបូងឡើយ បុរសខាងលើមានអាការៈគ្រុនក្តៅ ហើយខ្យល់គរដួលនៅមុខផ្ទះ ពេលនោះមានកូនក្មួយ និងអ្នកជិតខាងបានមកជួយចាប់ខ្យល់ និងកោសខ្យល់ឱ្យ ដែលមានអ្នកប៉ះពាល់ផ្ទាល់ ២៥នាក់ និងអ្នកប៉ះពាល់ប្រយោល ៩នាក់ទៀត។
លោកបានបន្ថែមថា រដ្ឋបាលស្រុកស្វាយជ្រំបានណែនាំឲ្យប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវនៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងបានបិទស្លាកសញ្ញា «ហាមចូលផ្ទះធ្វើចត្តាឡីស័ក» ចំនួន ២៥ខ្នងផ្ទះ និងសំណូមពរឲ្យក្រុមអាជីវករផ្សារដូនសទាំងអស់ ផ្អាកការលក់ដូរជាបណ្តោះអាសន្នមួយរយៈ រងចាំក្រុមការងារស្រាវជ្រាវស្វែងរកប្រភពចម្លងឱ្យបានច្បាស់លាស់សិន៕