ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តប៉ៃលិន នាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩ ចំនួន ៧គ្រួសារ​

ខេត្តប៉ៃលិន៖ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ខេត្ត) ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ខេត្ត)រួមដំណើរដោយលោក សៀ សុខុម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក ខេត្ត) និងជាអនុប្រធានក្រុមការងារ ចុះជួយភូមិព្រៃសន្ទះ និង ភូមិកូនដំរី បានដឹកនាំក្រុមការងារ យកអំណោយស្បៀង ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិព្រៃសន្ទះ​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ខេត្តប៉ៃលិន​ ចំនួន​៧គ្រួសារ​។
ថ្លែងក្នុងឱកាសផ្តល់ស្បៀងតាមខ្នងផ្ទះ ឯកឧត្តម ហុក សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​(ស.ស.យ.ក ខេត្ត) បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹក​នាំ​ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
លោកបន្តទៀតថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃ នូវវិធានការរបស់រដ្ឋបាល ខេត្ត និងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខា​ភិ​បាល ដោយណែនាំឱ្យយល់ដឹងនូវកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមឱ្យបាន១.៥ម៉ែត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លើសពីនេះ នៅក្នុងខេត្តប៉ៃលិន អាជ្ញាធរខេត្ត បានដឹកនាំមន្រ្តីសុខាភិបាល ក៏ដូចជាកងកម្លាំងទាំង៣​ប្រភេទ ធ្វើការយាមកាមទាំង​យប់ទាំងថ្ងៃ យ៉ាងតឹងរឹង នៅតាមច្រកព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីដាក់ប៉ុស្តិ៍ត្រួតពិនិត្យ អ្នកធ្វើដំណើរចេញចូលទៅមក ដោយវាស់កំដៅ លាងដៃនឹងទឹក​អាល់​កុល ឬជែល យ៉ាងយកចិត្តទុកដាក់ មិនឱ្យមានប្រជាពលរដ្ឋក្នុងខេត្តណាម្នាក់ ឆ្លងជំងឺដ៏កាចសាហាវនេះឡើយ ។
ប្រជាពលរដ្ឋក្នុងគ្រួសារនីមួយៗ សប្បាយរីករាយយ៉ាងខ្លាំង ក៏ថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ផ្តល់ស្បៀងជូនពួកគាត់ ខណ:កំពុងតែខ្វះខាតខ្លាំង ហើយក៏សូមជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច ។
សូមបញ្ជាក់ផងដែរថា៖ អំណោយដែលក្រុមការងារផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទាំងអស់ ក្នុង១គ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ៤យួរ ត្រីខ​ ១ដុំ​ និងម៉ាស ១ដុំ៕ ដោយ៖កឹមឈៅ
អត្ថបទដែលជាប់ទាក់ទង