ទេយ្យវត្ថុ​ ជាគ្រឿងឧបភោគបរិភោគ​ បច្ច័យ​ និងសម្ភាររបស់រដ្ឋបាលខេត្ត​ បានប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន ៣វត្ត នៅស្រុកប្រាសាទបាគង

ខេត្តសៀមរាប​៖ ថ្ងៃអាទិត្យ​ ១២កេីត​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅវត្តបន្ទាយក្បាលចិន​ ឃុំអំពិល​ វត្តពង្ររង្សី​ ឃុំកន្ទ្រាំង​ វត្តព្រះខ័នសែនជ័យ​ ឃុំបល្ល័ង្គ​ ស្រុកប្រាសាទបាគង ខេត្តសៀមរាប​ ទេយ្យវត្ថុ​ ជាគ្រឿងឧបភោគ​បរិភោគ បច្ច័យ​ និងសម្ភារប្រើប្រាស់ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប ត្រូវបាន​ លោក​ ពិន​ ប្រាកដ​ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមដំណើរដោយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព​ អាជ្ញាធរស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ស្រុក នាំយកទៅវេរប្រគេនព្រះសង្ឃ ចំនួន ០៣វត្ត​ ដែលជួបនូវការខ្វះខាត ក្នុងបរិបទជម្ងឺកូវីដ១៩ ។
តាមការបញ្ជាក់របស់លោក សូរ​ ប្លាតុង​ អភិបាល​ នៃគណៈអភិបាលស្រុកប្រាសាទបាគង​ បានឲ្យដឹងថា វត្តដែលជួបរងនូវការខ្វះខាតក្នុងស្រុកមាន ០៣វត្ត​ ក្នុងនោះមាន វត្តបន្ទាយក្បាលចិន​ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល​, វត្តពង្ររង្សី ភូមិពង្រ​ ឃុំកន្ទ្រាំង​ និងវត្តព្រះខ័នសែនជ័យ​ ស្ថិតក្នុងមជ្ឍមណ្ឌលយោធិនពិការ​ ៣១៧គូលេនសែនជ័យ ឃុំបល្ល័ង្គ​ ស្រុកប្រាសាទបាគង​ មានព្រះសង្ឃសរុប​ចំនួន​ ៥៥អង្គ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លោក​ ពិន​ ប្រាកដ​ បានបញ្ជាក់ថា ក្រោមខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់​ដឹកនាំ​ខេត្ត​ ស្ថាប័នជំនាញពាក់ព័ន្ធ ការលះបង់របស់កងទ័ពជួរមុខ អាជ្ញាធរដែនដី រួមទាំងការចូលរួមសហការពីសហភាពសហព័ន្ធយុវជន​ និងបងប្អូនប្រជាពលរដ្ឋ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនអ្នកឆ្លង កូវីដ១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរ ដែលនេះគឺជាមោទកភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍​ ២០កុម្ភៈ​ ២០២១ ព្យាបាលមុខរបួសនៃវិបត្តិកូវីដ១៩ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញ​ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុក​ដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឱកាស នៃការអភិវឌ្ឍន៍ ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគេនទេយ្យវត្ថុ​ មានចង្ហាន់បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់បណ្តាវត្តចំនួន៣៦​(វត្ត​ ៣០​ និងអាស្រមចំនួន៦)​ ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។
ក្នុងនោះដែរលោកអភិបាលរងខេត្ត​ ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម និង សេចក្តីណែនាំពីវិធានការការពាររបស់ក្រសួងសុខាភិបាល។
ទេយ្យវត្ថុ​រួមមាន ៖​ អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ៣០០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ១០កេស​ ,ទឹកសុទ្ធ ៥កេស​ ,ទឹកត្រី ៥កេស​,ទឹកស៊ីអ៊ីវ ៥កេស​ , ត្រីខ​ ២កេស​ , ស្ករស ,ទឹកដោះគោ ភេសជ្ជៈ​ អាកុល​ និង​ បច្ច័យ​ ២លានរៀល​ សម្រាប់វត្ត​នីមួយៗ ៕
អត្ថបទដែលជាប់ទាក់ទង