ឯកឧត្តម ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បកស្រាយជុំវិញការអនុវត្តតួនាទីរបស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញមកបកស្រាយជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ក្រសួង បន្ទាប់ពីមានការលើកឡើងពីសំណាក់សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូច ដែលបានស្នើឱ្យក្រសួងចាត់វិធានការចំពោះអ្នកប្រព្រឹត្តបទល្មើស ជាបុគ្គលមានធនធាន និងជាមន្រ្តីរាជការសាធារណៈ កន្លងមកនេះ ។
ក្រសួងចាត់ទុកការលើកយកបទល្មើសពីរបី ឬអំពើមិនគប្បីដែលបានកើតឡើង មកធ្វើការវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងអនុវត្តន៍ច្បាប់ គឺជាការវាយតម្លៃតែលើជ្រុងតូចមួយប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងក្នុងសង្គមនោះឡើយ ។ តែទោះបីជាយ៉ាងណាក្រសួងស្វាគមន៍នូវរាល់មតិរិះគន់ ដែលមានមូលដ្ឋានច្បាស់លាស់ និងក្នុងបំណងលើកទឹកចិត្ត ដល់ការខិតខំរបស់មន្រ្តីអនុវត្តន៍ច្បាប់ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ថា ក្នុងនាមជាស្ថាប័នអនុវត្តន៍ច្បាប់ ក្រសួងតែងយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវ នៅក្នុងដែនសមត្ថកិច្ច ដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់កន្លងទៅនេះ គឺបានអនុវត្តន៍ដោយគ្មានការរើសអើងចំពោះឋានៈបុគ្គលនៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយនោះឡើយ ក្នុងគោលដៅធ្វើយ៉ាងណាខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
រាល់ករណីបទល្មើសដែលកើតមានកន្លងមក ទោះពាក់ព័ន្ធនឹងពលរដ្ឋទូទៅក្តី ឬកងកម្លាំងអនុវត្តន៍ច្បាប់ក្តី ក្រសួងមហាផ្ទៃតែងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ឬយោគយល់នោះឡើយ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជាឧទាហរណ៍ជាក់ស្តែង ក្នុងចំណោមទណ្ឌិត និងពិរុទ្ធជន ដែលត្រូវបានផ្តន្ទាទោស ក៏មានអតីតមន្រ្តីជាន់ខ្ពស់ជាច្រើនផងដែរ ៕ AKP