អាជ្ញាធរព្រះវិហារ ដំណើរការជួសជុលជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ នៅថ្នាក់ទី២

ខេត្តព្រះវិហារ៖ នៅថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រុមអ្នកអភិរក្ស និង ក្រុមការងារបច្ចេក ទេសរបស់គម្រោងអភិរក្ស និង ជួសជុលជណ្ដើរ​បុរាណ​ខាងជើង នៃប្រាសាទព្រះវិហារ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បាននិង​កំពុងបន្ដអភិរក្ស និងជួសជុលជណ្ដើរបុរាណ នៅថ្នាក់ទី២យ៉ាងមមាញឹក។

ការងារជួសជុលជណ្ដើរបុរាណខាងជើង នៃប្រាសាទព្រះវិហារ រួមមាន ការរៀបចំការដ្ឋានថ្មីនៅថ្នាក់ទី២ ការចុះ​លេខ​សម្គាល់ និងធ្វើបញ្ជីសារពើភណ្ឌឱ្យថ្មនីមួយៗ ទៅតាមស្រទាប់នីមួយៗ ការរុះរើថ្មធ្នាក់ដៃទាំងសងខាង និង​កាំជណ្ដើរ ការសម្រង់ប្លង់រួមនៅថ្នាក់ទី២ ទាំងធ្នាក់ដៃខាងកើត ខាងលិច និងកាំជណ្ដើរ ការពិសោធន៍គ្រឹះ​ដោយប្រើប្រាស់ឧបករណ៍ DCPT (Dynamic Cone Penetration Test) មុនពេលជួសជុល ដើម្បីលទ្ធភាព​ទ្រទ្រង់របស់គ្រឹះជណ្ដើរ ការព្យាបាលថ្មប្រេះធ្នាក់ដៃខាងកើតបានចំនួន ៣ដុំ ធ្នាក់ដៃខាងលិចបានចំនួន ៤ដុំ និង​ថ្មកាំជណ្ដើរបានចំនួន ១ដុំ ដោយស្វានតដាក់ស្នូលជាមួយកាវញី-ឈ្មោល ដើម្បីរក្សាគុណភាពថ្មឱ្យមាន​ភាពរឹងមាំ បានប្រសើរឡើងវិញ។

ការរៀបចំថ្មធ្នាក់ដៃខាងកើតចូលទីតាំងដើមវិញ និងបង្ហាប់គ្រឹះ ការពិសោធន៍គ្រឹះនៅធ្នាក់ដៃខាងកើត​ក្រោយ​ពេល​ជួសជុល ដោយប្រើប្រាស់ DCPT (Dynamic Cone Penetration Test) នៅធ្នាក់ដៃ ក្រោយពេល​ជួសជុល មកប្រៀបធៀបគ្នា ដើម្បីឱ្យដឹងពីកម្រិតភាពរឹងមាំក្រោយពីបង្ហាប់គ្រឹះរួច។
គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកិច្ចប្រជុំបច្ចេកទេសជាមួយ Ad hoc Experts ICC-Preah Vihear ដឹកនាំដោយឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងសាស្ត្រាចារ្យ Azedine Bechaouch លេខាអចិន្ត្រៃយ៍គណៈកម្មការ ICC-Preah Vihear និងមានការ​ចូល​រួម​ពី​អ្នកជំនាញការអន្តរជាតិ អាដហុក ចំនួន៤រូប ព្រមទាំងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្រ្ដីជំនាញតាមនាយកដ្ឋា ននីមួយៗ ដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ លើការអនុវត្តកម្មវិធីអភិរក្ស​ប្រាសាទ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងនោះក៏មានជួសជុលកាំ​ជណ្ដើរបុរាណខាងជើង នៃប្រាសាទ​ព្រះវិហារ នៅថ្នាក់ទី២ផងដែរ៕ AKP
អត្ថបទដែលជាប់ទាក់ទង