ពិធីសំណេះសំណាល និងប្រគល់ផ្ទះ ជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ផ្ទះចំនួន២៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទ លំផាត់ សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ឯកឧត្តម គោស៊ុ ប៊ុន​សឿត អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការអព្ជើាញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាព ជាច្រើនរូបទៀត បានប្រគល់ផ្ទះជាជម្រកដ៏មានតម្លៃសម្រាប់អតីតយុទ្ធជននេះ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
យោងតាមរបាយការណ៍សមាគមអតីតយុទ្ធជនខេត្តព្រះវិហារបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានកសាងផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជន បានចំនួន ៣ខ្នងផ្ទះ អស់ថវិកាចំនួន ៣១ ០០០ ០០០រៀល ក្នុងនោះរួមមានៈស្រុកជាំក្សាន្តចំនួន ១ខ្នង -ស្រុកជ័យសែនចំនួន ១ខ្នង -ស្រុកត្បែងមានជ័យ ចំនួន ១ខ្នង ប្រគល់ជូនអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រ និងគ្មានទីជំរកសមរម្យ។
នៅក្នុងពិធីសំណេះសំណាល និងប្រគល់ផ្ទះនោះដែរ ឯកឧត្តម ច័ន្ទ លំផាត់ បានពាំនាំសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិរហូតមកដល់បច្ចប្បន្ន ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី​តេជោ។
ឯកឧត្តម ក៏បានមានប្រសាសន៍បន្តទៀតថា ទោះបីក្នុងកាលៈទេសៈ ដែលសង្គមជាតិជួបវិបត្តិជម្ងឺកូវីដ.១៩ យ៉ាងណាក្តី តែសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបន្តយកចិត្តទុកដាក់រៀបចំសាងសង់ផ្ទះសម្បែង និងការឧបត្ថម្ភនានា ដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធឥតដាច់នោះឡើយ ហើយសូមឱ្យបងប្អូនអតីតយុទ្ធជនយើងទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីបន្តមើលការអភិវឌ្ឍន៍ ការរីក​ចម្រើនរបស់ប្រទេសជាតិបន្តទៀត។
ជាមួយនេះ អតីតយុទ្ធជនដែលទទួលបានផ្ទះសម្រាប់ស្នាក់អាស្រ័យ និងដីគោលនយោបាយសម្រាប់ការដាំដុះ បានសម្តែងក្តីសប្បាយរីករាយ និងត្រេកអរជាខ្លាំង។ ពួកគេក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តពោរពេញដោយមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះពួកគេផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះនោះ ឯកឧត្តម ច័ន្ទ លំផាត់ ក៏បានប្រគល់គ្រឿងឧបភោគ បរិភោគមួយចំនួនជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនផងដែរ។ ក្នុងនោះសម្រាប់អតីតយុទ្ធជនដែលទទួលផ្ទះ ២៥គ្រួសារ ទទួលបានម្នាក់ៗរួមមាន៖ ថវិកា ៤០ ០០០រៀល អង្ករចំនួន ៣០គីឡូក្រោម មី១កេស ទឹកត្រី១យួរ នឹងទឹកស៊ីអីវ ១យួរ ៕
អត្ថបទដែលជាប់ទាក់ទង