សហគមន៍កាតូលិកភូមិភាគភ្នំពេញ ផ្តល់អំណោយម៉ាស់ចំនួន៧៥០០០ម៉ាស់ដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ.១៩
ភ្នំពេញ៖ អំណោយម៉ាសចំនួន៧៥០០០ម៉ាស របស់សហគមន៏កាតូលិកភូមិភាគភ្នំពេញ ត្រូវបាននាំយកមកផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ឧសភា ដោយមានការចូលរួមពី ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក អូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។
នេះ មិនមែនជាលើកទី១នោះទេ ដែលសហគមន៏កាតូលិកភូមិភាគរាជធានីភ្នំពេញបានចូលរួមចំណែកជាមួយអាជ្ញាធររាជធានីភ្នំពេញក្នុងការចែករំលែកការ លំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនៅតែគំរាមកំហែង នឹងបន្តឆ្លងរាលដាលក្នុងសហគមន៍នៅរាជធានីភ្នំពេញ ហើយកន្លងមកសហគមន៍កាតូលិកភូមិ ភាគរាជធានីភ្នំពេញតែងបានចូលរួមផ្តល់ជាអំណោយមានស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ រួមទាំងសកម្មភាពមនុស្សធម៏មួយចំនួនទៀត។ ឯកឧត្តម ហួត ហៃ បានចាត់ទុកថាការផ្តល់អំណោយរបស់សហគមន៍កាតូលិកភូមិភាគភ្នំពេញ នាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់អាណិតអាសូរដល់ប្រជាពលរដ្ឋរងគ្រោះ និងខ្វះខាតដោយជំងឺកូវីដ.១៩នាពេលនេះ និងស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយស្បៀងអាហារ សំភារៈការពារទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ក្នុងសហគមន៍ និងក្រោមការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់លើការចាត់វិធានការបន្ទាន់ៗដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ.១៩នាពេលនេះ៕