ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេចំនួន ១៨គ្រួសារ នៅស្រុកលើកដែក ទទួលអំណោយមនុស្សធម៌ពី​សាខាកាកបាទ​ក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និង​ជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរង រងគ្រោះបាក់ច្រាំងទន្លេចំនួន ១៨​គ្រួសារ នៅឃុំព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងជាសមាជិកកិត្តិយស សាខា​កាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។

ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេច​តែង​គិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែល​ប្រទេស​កម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយ​រងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោ​បាយ​ឡើយ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាង​នេះ​ទៀត ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ និង ៣កុំ ឲ្យបានគ្រប់ៗគ្នា ។

អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធដបធំ១ដប ប្រេងឆា១ដប កៅស៊ូតង់ចំនួន១ ជែល ១ដប ម៉ាស ១០បន្ទះ ឃីត ១កញ្ចប់ និងបានឧបត្ថម្ភថវិកាក្នុង ១គ្រួសារៗចំនួន ៥០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង