ក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរទៅប្រកួតវគ្គជម្រុះ FIFA World Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានការលើកទឹកចិត្ត ក្នុងពិធីសំណេះសំណាលជាមួយ ឯកឧត្តម នាយ ឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មុនពេលដែលក្រុមកម្ពុជា ហោះហើរទៅកាន់ប្រទេសបារ៉ែន ដែលជាទឹកដីកណ្តាលនៃការ ប្រកួតចំនួន៣ប្រកួត ចុងក្រោយនៃវគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA WORLD CUP QATAR 2022) ជុំទី២ ពូល C។
ក្រុមជម្រើសជាតិកម្ពុជាបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង១១ និង៥៥នាទីយប់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដោយត្រូវចំណាយ ពេល ៣៨ម៉ោង ក្នុងនោះ ជើងហោះហើររបស់ក្រុមកម្ពុជាត្រូវចុះចតនៅទីក្រុងអ៊ីនឆ័ន សាធារណកូរ៉េ ដោយត្រូវរង់ ចាំ១៦ម៉ោងនិង៣០នាទី មុនបន្តដំណើរឆ្ពោះទៅទីក្រុង ឌូបៃ នៃប្រទេសអារ៉ាប់រួម ដែលត្រូវរង់ចាំ ៩ម៉ោង និង៤០នាទីបន្ថែមទៀត មុនពេលឆ្ពោះទៅកាន់ប្រទេសបារ៉ែន។ បន្ទាប់មក ជើងហោះហើរនេះ នឹងទៅដល់ នាវេលាម៉ោង ២និង២៥ នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។
ក្រុមជម្រើសជាតិកម្ពុជានៅសល់ពេលហ្វឹកហាត់០៤ ឬ០៥ថ្ងៃ មុនពេលប្រកួតផ្លូវការជាមួយម្ចាស់ផ្ទះ បារ៉ែន នាវេលាម៉ោង១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២។ ក្រុមកម្ពុជា នឹងត្រូវបន្ត ជួប ប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយ ត្រូវប៉ះ ជាមួយ ក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចៗគ្នា។
សូមរម្លឹកថា កាលពីជំនួបជើងទី១ ក្នុងពូល C នេះ បានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយក្រុមម្ចាស់ផ្ទះ ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១ ក្រុមម្ចាស់ផ្ទះកម្ពុជា បានប្រកួតចាញ់ ក្រុមភ្ញៀវអ៊ីរ៉ាក់ ០ទល់៤ និងពេលជួបជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានរហូត គ្រាប់បាល់រហូតដល់ ០ទល់១៤។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់៥ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម (អ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង កម្ពុជា)។ ដូច្នេះហើយ៣ប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជា គឺជា ប្រកួតបង្គ្រប់កិច្ច ដែល៣ក្រុមត្រូវប៉ះជាមួយក្រុមកម្ពុជា នាដើមខែមិថុនា ខាងមុខឆាប់ៗនេះ សុទ្ធសឹងជា ក្រុមខ្លាំងៗ ប្រចាំទ្វីបអាស៊ី។ បើគិតលើចំណាត់ថ្នាក់ប្រចាំទ្វីបអាស៊ី បច្ចុប្បន្ន គឺក្រុមអ៊ីរ៉ង់ ឈរលេខ២ (ចំណាត់ ថ្នាក់ពិភពលោក ឈរលេខ៣១) អ៉ីរ៉ាក់ លេខ៨ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៦៨) និង ក្រុមបារ៉ែន ឈរលេខ១៦ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៩៨) ខណៈកម្ពុជា ឈរលេខ៣៨ (ចំណាត់ ថ្នាក់ពិភពលោក ១៧៤)៕ by AKP