ដែកស្ពានបេឡេជាអំណោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ នៅភូមិតាត្រៃ ឃុំគោកកឋិន ត្រូវបានដឹកមកដល់វិញ
ខេត្តបន្ទាយមានជ័យ៖ ដែកស្ពានបេឡេដែលជាអំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅអូរតាសៀវ នាភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានរថយន្តកងវិស្វកម្ម ក្រសួងការពារជាតិដឹកមកដល់ទីតាំងដើមត្រង់ស្ពានវិញហើយកាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ថា៖ រថយន្តបន្ទុកនៃកងវិស្វកម្មកងទ័ពបានដឹកដែកស្គានបេឡេចាស់ៗ ដែលរើចេញពីត្រង់ស្ពានតាត្រៃនោះ ហើយដឹកមកដល់វិញហើយ កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែ ដោយសារពេលយប់ អ្នកដឹកមកនោះមិនបានហៅអ្នកណាទៅរាប់ផ្ទៀងផ្ទាត់ឡើយ ។
ទោះយ៉ាងណា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីក្រុមការងាររបស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារខេត្ត ចុះជួយមូលដ្ឋានស្រុកថ្មពួក មានលោក សៅ នី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារខេត្តចុះជួយស្រុកថ្មពួក និងលោក ប៉ាត សឺម សមាជិកក្រុមប្រឹក្សាស្រុកថ្មពួក បានចុះទៅពិនិត្យដែកស្ពាននោះហើយ ។
ចំណែកលោក ប្រាក់ សារ៉ាក់ ប្រធានក្រុមការងារសាងសង់របស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏បានឲ្យក្រុមការងាររបស់លោកលោក រួមនឹងលោក នង ប៊ុនឈី មេឃុំគោកកឋិន ក៏បានទៅពិនិត្យដែកស្ពានបេឡេនោះដែរ ។
ក្នុងនោះ បានរាប់ឃើញ មាន ១.បង្កាន់ដៃ(ប៉ាណូ) ចំនួន១៦ផ្ទាំង ២.រនូតក្រោម ១៤រនូត និង ៣.កម្រាល ចំនួន ១៦ផ្ទាំង/បន្ទះ នៅរក្សាទុកឯផ្ទះពលរដ្ឋក្នុងភូមិតាត្រៃ ចំនួន ២ផ្ទាំងទៀត និង៤.អ័ក្ស និងគ្រឿងខ្ចៅខ្យង ឯទៀតពុំឃើញមានទេ ។
ករណីនោះ ក្នុងនាមប្រធានក្រុមការងារ លោកប្រាក់ សារ៉ាក បានអោយថឹងថា ៖ បានដែកស្ពានបេឡេនេះមកវិញ ទុកថាក្រុមវិស្វកម្មបានធ្វើតាមការសន្យានិងសំណូមពរហើយ ។ ឯគ្រឿងគ្រៅខ្លះដែលបាត់ ក្រុមការងារនឹងបំពេញបន្ថែមនៅពេលយកវាទៅធ្វើស្ពានឆ្លងគ្រាបន្ទាន់លើផ្លូវលំតាមសំណូមពរពលរដ្ឋ ។
សូមបញ្ជាក់ដែរថា ដែកស្ពានបេឡេត្រង់អូរតាសៀវដែលស្ថាបនាកាលពីជាង៣ឆ្នាំនេះត្រូវបានរើចេញ ដោយសារក្រសួងអភិវឌ្ឍន៍ជនបទបានទទួលគម្រោងស្ថាបនាស្ពានបេតុងថ្មីឆ្លើយតបនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តបន្ទាយមាជ័យឆ្នាំ២០២០ ។
ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្ពានបេតុងថ្មីប្រវែង២៤ម៉ែត្រ ទទឹង៨ម៉ែត្រ ត្រង់កន្លែងស្ពានបេឡេ ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យនោះ ។
ស្ពាននេះ បានប្រើប្រភពថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយកងវិស្វកម្ម១៨០ ស្ពាន ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ គឺសាងសង់ស្ពាននេះ លើផ្លូវលំពីភូមិជន្លាសដៃ តាសៀវ តាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ភ្ជាប់ទៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយខេក ប្រវែង ៧៤០០ម៉ែត្រផងដែរ នាឆ្នាំ២០២១នេះ ។
អាជ្ញាធរឃុំ ភូមិនិងពលរដ្ឋនៅឃុំទាំង២ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទដែលបានស្ថាបនាស្ពាន ថ្នល់ ស្ពានឆ្លើយតបចំសំណូមពរចង់បាននេះ ៕