ពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពតក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ពិធីនេះបានធ្វើឡើងនៅសាលាដំបូងខេត្តដោយមានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នៃគណៈអភិបាលខេត្ត និងលោកជំទាវថ្នាក់ដឹកនាំ លោក លោក ស្រី ប្រតិភូក្រសួងយុត្តិធម៌ អភិបាលខេត្តខេត្តកំពត និងខេត្តកែបព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងប្រដាល់វុធ ក្នុងខេត្តកំពតផងដែរ។ យោងតាមព្រះរាជក្រឹត្យ បានតែងតាំងឯកឧត្តម លាង សំណាត់ ជាប្រធានសាលាដំបូងខេត្តកំពត ជំនួសឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក្រៅពីជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ សក្ដានុពលនិងសមទ្ធិផល ដែលរដ្ឋបាលខេត្តកំពតសម្រេចបានកន្លងមក។ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារពាក់ព័ន្ធវិស័យយុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាដំបូងខេត្តកំពតដែល តែងតែបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបានធ្វើឲ្យការផ្ដល់សេវាយុត្តិធម៌បម្រើជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈនិងប្រសិទ្ធភាពបានល្អប្រសើរ។
មានប្រសាសន៍សំណេះសំណាលឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណកោតសរសើរ ដល់ឯកឧត្តមអភិបាលខេត្តកំពត និងខេត្តកែបព្រមទាំង អាជ្ញាធរសមត្ថកិច្ចជំនាញ ទាំងអស់ ក្នុងខេត្តទាំងពីរ គឺខេត្តកំពតនិងខេត្តកែបតែងតែបានសហការជាមួយសាលាដំបូងនិងរាជអាជ្ញាអមសាលាដំបូងខេត្តក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អ។
ពិសេសក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ត្រូវបានដោះស្រាយបញ្ចប់សម្រេចលទ្ធផលជោគជ័យ។ តែទោះបីយ៉ាងណាឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់នៃសាលាដំបូងខេត្តទាំងពីរកំពត កែប ពិសេសឯកឧត្តមលាង សំណាត់ដែលទើបតែងតាំងជាប្រធានសាលាដំបូងខេត្តកំពតថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងនិងអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ ហើយត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត៕ ដោយ មន្ទីរព័ត៌មានខេត្តកំពត (by AKP)