បើកបររថយន្តកាមរីមិនប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុក រងការខូចខាតផ្នែកខាងក្រោយតិចតួចបុ៉នណ្ណោះទេ
ភ្នំពេញ៖ អ្នកបើកបររថយន្តកាមរីស្វិតមួយគ្រឿង ត្រូវរថភ្លើងបុក បណ្តាលឲ្យរងការខូចខាត កំពិតនិងបែកស្តុបក្រោយ ខណៈពេលធ្វើដំណើរឆ្លងផ្លូវដែក មិនប្រុងប្រយ័ត្ន នៅពេលរថភ្លើងឆ្លងកាត់ ទោះបីជាយ៉ាងណានេះចាត់ទុកជា សំណាងណាស់ពុំបណ្តាលឲ្យមានមនុស្សរងរបួសឡើយ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង២០នាទីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្លូវដែក ក្នុងភូមិ សាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តដែលត្រូវរថយន្តបុកនោះ ម៉ាកកាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ ឆ៥៨៣២ ភព.២ បើកបរដោយ បុរសម្នាក់ មិនប្រាប់ឲ្យស្គាល់អត្តសញ្ញាណ និងរួមដំណើរជាមួយប្រពន្ធ និងកូនតូចៗ ២នាក់ តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងខាងលើ បានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិចឆ្លងផ្លូវរថភ្លើង ។ ខណៈពេល ដែលរថយន្ត ឆ្លងមិនទាន់ផុតផង រថភ្លើងមួយខ្សែ ភ្នំពេញ.កំពត បានមកដល់ ក៍បុកចំគូថចំហៀងខាងស្តាំបណ្តាលឲ្យរថយន្ត បែកស្តុបនិងកំពិត ហើយខ្ទេចចេញចំណែក រថភ្លើងក៍បានទាក់ខ្សែភ្លើង ដាច់ធ្លាក់ ជាប់រថភ្លើង ឈប់ទៅមុខលែងរួច ។
តាមព័ត៌មានឲ្យដឹងថា ភ្លាមៗម្ចាស់រថយន្ត ក៍បានមានប្រតិកម្ម ដោយចោទប្រកាន់ថា រថភ្លើងពុំបានស៊ីប្លេនិងបានទំលាក់បារ៉ាស់ ជាហេតុធ្វើឲ្យរូបគាត់ពុំដឹងថា មានរថភ្លើងឆ្លងកាត់ពេលមកដល់ហើយ ទើបបានដឹង ចំណែកប្រជាពលរដ្ឋលក់ដូរក្បែរនោះ បានឲ្យដឹងថា មុនពេលដល់ចំណុចមានអ្នកដំណើរឆ្លងកាត់រថភ្លើងបានស៊ីប្លេ ជាច្រើនដង ហេតុអ្វីបានជាអ្នកបើកបររថយន្តនៅតែបើកឆ្លងកាត់ ជាហេតុបង្កឲ្យកើតមានគ្រោះថ្នាក់បែបនេះ តាមព័ត៌មានឲ្យដឹងថា បន្ទាប់ពីតវ៉ា ទាមទារឲ្យរថភ្លើងចេញថ្លៃជួសជុល ក្រោយមក ទំនងជាដឹងខ្លួនខុស រួចក៍បានបើករថយន្តយកទៅជួសជុលដោយខ្លួនឯង ចំណែកខាងរថភ្លើង រួមទាំងកម្មករ ក៍បាននាំគ្នា យកឬស្សីលើកខ្សែភ្លើង ចេញពីទូរថភ្លើងរួចក៍បានបើកទៅបាត់ដោយគ្មានវាចា ប្រជាពលរដ្ឋបាnលាន់មាត់ថា រឿងដែលសំខាន់ បើទោះបីជារថភ្លើងបានប្រើស៊ីប្លេហើយក៏ដោយ ក៏ទីកន្លែងឆ្លងកាត់ទាំងនេះ ត្រូវតែមានសន្តិសុខទាញរបាំងផងដែរ ដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះទៀត៕ រាយការដោយ19