ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងនិងចែកអំណោយជូនវរ:ការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី

ខេត្តរតនគិរី​៖ នា​រសៀល​ថ្ងៃ​សៅរ៍ ០៣​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១​នេះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តរតនគិរី បាន​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ កងកម្លាំង និង​ប្រគល់​អំណោយ គ្រឿង​ឧបភោគ បរិភោគ ជូន​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន យោធា​ការពារ​ព្រំដែន និង​មន្ដ្រី​​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថាន នៅ​ចំនុច​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។
​ការចុះពិនិត្យ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ថង សាវុន អភិបាល​ខេត្ត​រតនគិរី អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​កងកម្លាំង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ជាច្រើនរូប​ទៀត​។​
​ឯកឧត្ដម ជៀង អំ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​តួនាទី​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅតាម​ព្រំដែន និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​ភាគី​វៀតណាម ក្នុងការ​សម្របសម្រួល​លើ​ការដឹកជញ្ជូន និង​ផ្លាស់ប្តូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន បញ្ចៀស​បាន​នូវ​ការកកស្ទះ ជាមួយនិង​ការប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តតាម​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ​។​
​ឯកឧត្ដម ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ហើយ​ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ឆ្លងដែន​ចូលមក​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ជាដាច់ខាត នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​រួចជាស្រេច ដោយ​មិនត្រូវ​ឲ្យ​នរណាម្នាក់​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាន​ត្រួតពិនិត្យ និង​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ​។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ជានិច្ច​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ ពាក់​ម៉ាស់ រក្សា​គម្លាត ឲ្យ​បាន​ត្រឹមត្រូវ ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​អាល់កុល​ជាប្រចាំ និង​ត្រូវ​អនុវត្តតាម​វិធានការ​សុខាភិបាល ៣​ការពារ !!៣​កុំ​!!​ទាំងអស់គ្នា​។
​សូមបញ្ជាក់ថា​អំណោយ គ្រឿងឧបភោគ បរិភោគ ដែល​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន និង​​យោធា​ការពារ​ព្រំដែន និង​មន្ដ្រី​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថាន ទទួលបាន​នៅពេលនេះ​រួមមាន ៖
– វរ​ៈ​នគរបាល​លេខ​៦២៣ និង​វរ​ៈ​នគរបាល​លេខ​២០៣ ទទួលបាន អង្ករ ៦០០​គីឡូក្រាម មី​៦០​កេស ជែ​ល​​​​​លាងដៃ ៦០​ដប​ ត្រីខ​ ១៣​កេស​ ម៉ាស​ ១​កេស​ អំបិល​ ១០០​គីឡូក្រាម និង​ថវិកា​មួយចំនួនទៀត​។
– វរ​ៈយោធា​ការពារ​ព្រំដែន​ទទួលបាន អង្ករ​ ៨០០​គីឡូក្រាម មី​ ៨០​កេស​ ជែ​ល​លាងដៃ ​៨០​ដប​ ត្រីខ​ ១៤​កេស​ ម៉ាស​ ១​កេស អំបិល ​១០០​គីឡូក្រាម និង​ថវិកា​មួយចំនួនទៀត​។
– មន្ត្រី​ឧទ្យាន​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ទទួលបាន អង្ករ​ ៥០០​គីឡូក្រាម មី​ ៥០​កេស​ ជែ​ល​លាងដៃ ​៥០​ដប​ ត្រីខ​ ១០​កេស​ ម៉ាស​ ១​កេស​ អំបិល ​៥០​គីឡូក្រាម និង​ថវិកា​មួយចំនួនទៀត​ផងដែរ​៕ ​ដោយ​ មន្ទីរ​ព័ត៌មាន​​ខេត្ត
 
អត្ថបទដែលជាប់ទាក់ទង