Detail Top Banner

ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ៖ ក្រៅពីប្រឆាំងកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ដឹកនាំរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនា

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មា​ធិការ​កណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមាន​ជ័យ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនសមាជិក សមាជិកាគណបក្សបងប្អូន​ជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានជួយ សហការគ្នា យ៉ាងសស្រាក់សស្រាំដោះស្រាយទុក្ខលំបាក ក្នុងពេលមានវិបត្តិ ជំងឺកូវីដ-១៩ និងចូល រួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអភិវឌ្ឍខេត្តរបស់យើង។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបន្តថា ៖ រាជរដ្ឋា​ភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រៅពីការប្រយុទ្ធប្រឆាំង​កូវីដ-១៩ កម្ពុជាយើងរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែល​ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងការរស់នៅ ដ៏សុខដុមរមនា របស់ប្រជាជន។
ខឿនការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈត្រូវបានពង្រឹង កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ បានរក្សាខ្ជាប់ នូវជំហរស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ និងរាល់សមិទ្ធិផល សង្គមជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតសកល ឆ្នាំ២០១៨កន្លងមក។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកគណបក្សគ្រប់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងបងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿន ការពារជាតិ ការពារអធិបតេយ្យ ភាពបូរណភាពដែនដីនៃមាតុភូមិបានយ៉ាងរឹងមាំ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់ បានរាល់ការប៉ុនប៉ងនានា ដែលមានបំណងបំផ្លិចបំផ្លាញសេចក្តីសុខ និងភាព ក្សេមក្សាន្ត របស់ជាតិ ពីមជ្ឈដ្ឋានអគតិ ជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅស្របតាមគោលនយោបាយរបស់ គណបក្សនិងរាជរដ្ឋា​ភិបាល។
ឯកឧត្តម កែ គឹមយ៉ាន បានស្នើសុំឱ្យសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តការងារក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ៖
១-ត្រូវរួមគ្នាបន្តការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដីនៃមាតុភូមិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ឱ្យបាននូវរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ អំពីភេរ​វ​​កម្ម ការជួញដូរ មនុស្ស គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរ ។ល។
២-បន្តជំរុញកំណែទម្រង់រដ្ឋឱ្យបានខ្លាំងស្រុះដៃគ្នា និងកាន់តែទទួលបានផ្លែផ្កាតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដោះស្រាយកង្វល់ បង្កើនជំនឿ និងការគាំទ្ររបស់ ប្រជាជាពលរដ្ឋ​មក​លើ​អាជ្ញាធរមូលដ្ឋាន និងគណបក្ស។
៣-បន្តពង្រឹងប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ធានាសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ផ្អែក​លើ រដ្ឋធម្មនុញ្ញ ។
៤-បន្តជំរុញការអភិវឌ្ឍវិស័យអាទិភាពទាំង៤ ឲ្យកាន់តែមាន ប្រសិទ្ធិភាព បន្ថែមទៀតគឺ មនុស្ស ទឹក ភ្លើង និងផ្លូវ ដើម្បីចូលរួមឆ្លើយតបទៅនឹងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ។
៥-ត្រូវបន្តអនុវត្ត និងចលនាប្រជាពលរដ្ឋនៅតាមភូមិ ឃុំ/សង្កាត់ ឲ្យចូល រួម ប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធាន​ការ ៣ការពារ និង ៣កុំ និងណែនាំឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ព្រមទាំងអនុវត្តតាម ការណែនាំរបស់ក្រសួង សុខាភិបាល ។ ជំរុញលើកទឹក​ចិត្ត ការបង្កបង្កើនផលកសិកម្ម សេវាកម្ម និងឧស្សាហកម្ម ដែលរង​ផលប៉ះពាល់ពីជំងឺកូវីដ-១៩ ។
៦-ចំពោះ មុខត្រូវខិតខំស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានឡើងវិញ ដើម្បីបម្រើឱ្យវិស័យធារាសាស្រ្ត ការដឹកជញ្ជូនកសិផលនិងត្រៀមលក្ខណៈចូលរួមបង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែល អាច​កើតឡើងក្នុងអំឡុងពេលរដូវវស្សានាពេលខាងមុខ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង