ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបដេីម្បីចែកជូនដល់ប្រជាពលរដ្ឋការខ្វះខាតដោយសារវិបត្តិជំងឺកូវីដ-១៩
ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប មន្រ្តីជាន់ខ្ពស់នៃសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បាននាំយកអំណោយមួយចំនួនទៅប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
ឯកឧត្តម ប៉ុល លឹម បានជម្រាបថា អំណោយទាំងនេះគឺ ជាសក្ខីភាពនៃការចូលរួម ក្នុងនាមជាមន្រ្តីជាន់ខ្ពស់ស្ថាប័ននីតិប្បញ្ញត្តិថ្នាក់កំពូលរបស់ជាតិ ជាមួយស្ថាប័ននីតិប្រតិបត្តិនៅថ្នាក់ក្រោមជាតិ ដែលកំពុងអនុវត្តភារកិច្ចតាមតួរនាទីរបស់ខ្លួន លើដំណោះស្រាយនិងវិធានការមួយចំនួន ដែលសង្កត់បន្ទុកយ៉ាងធ្ងន់ធ្ងរ ដោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ក៏បានបញ្ជាក់ថា នេះគឺជាដំណើរបេសកកម្មមួយ ដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នាំយកអំណោយដូចគ្នានេះ ទៅប្រគល់ជូនរដ្ឋបាលនៃបណ្តាខេត្តផ្សេងៗទៀតក្នុងតំបន់ ដោយភ្ជាប់ជាមួយនូវការតាមដានអង្កេតមើល អំពីស្ថានភាព បទពិសោធន៍ និងលទ្ធផលប្រតិបត្តិការ ការអនុវត្តវិធានការកាត់ផ្តាច់ខ្សែចម្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងការរាំងខ្ទប់ការចម្លងនាំចូលផងដែរ ។
យ៉ាងណាក៏ដោយ ក្នុងដំណើររបស់ប្រតិភូបានឆ្លងកាត់តាមព្រំប្រទល់ខាងកើត ( ខេត្តកំពង់ធំ ឆ្លងចូលក្នុងខេត្តសៀមរាប ) គណៈប្រតិភូបានគត់សម្គាល់ថា ការរៀបចំឲ្យមានប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះប្រមូលទិន្នន័យអ្នកដំណើរឆ្លងកាត់និងចូលមកលខេត្តសៀមរាប នៅវិទ្យាល័យកំពង់ក្តីនៃស្រុកជីក្រែង គឺជាចំណុចចាប់អារម្មណ៍មួយ និងជាមូលដ្ឋាននៃការវាយតម្លៃថា នោះគឺជាបទពិសោធន៍គំរូ ដែលនាំឲ្យខេត្តសៀមរាប គ្រប់គ្រងបានល្អ និង ទប់ស្កាត់បានទាន់ពេលវេលា ការរីករាលដាលនៃជម្ងឺកូវីដ១៩ មកក្នុងសហគមន៍ ។
នាឱកាសនេះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានបន្ថែមនូវការបង្ហាញជូនផងដែរដល់ប្រតិភូថា មកដល់ពេលនេះ ខេត្តសៀមរាបកំពុងដំណើរការប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងប្រមូលទិន្នន័យអ្នកដំណើរចំនួន ៣ច្រកធំៗ គឺ សៀមរាប-កំពង់ធំ សៀមរាប-ឧត្តរមានជ័យ និង សៀមរាប-បន្ទាយមានជ័យ ហើយជាមធ្យមប្រចាំថ្ងៃ មានអ្នកដំណើរឆ្លងកាត់ចូលមកខេត្តសៀមរាប មានប្រមាណជា ៧ពាន់នាក់ ទិន្នន័យទាំងនេះ គឺជាការកសាងលទ្ធភាព និងបង្កើនប្រសិទ្ធភាពមធ្យោបាយគ្រប់គ្រងនៃការផ្ទុះជំងឺកូវីដ-១៩ និង តាមដានជនមានការសង្ស័យដែលពាក់ព័ន្ធ បញ្ជូនទៅធ្វើចត្តាឡីស័ក និងយកសំណាកវិភាគ ព្រមទាំងចាត់វិធានការទប់ស្កាត់ការចម្លងបន្តផងដែរ ។ ក្នុងនោះ ប្រជាពលរដ្ឋខេត្តសៀមរាប ក៏មានស្មារតីចូលរួម យ៉ាងប្រុងប្រយ័ត្ន ដោយចាប់ផ្តើមពីបុគ្គលម្នាក់ ពង្រីកទៅកាន់ក្រុមគ្រួសារ និងសហគមន៍ អនុវត្តវិធានការប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល “៣កុំ ៣ការពារ” ដែលបានដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលផងដែរ។
អំណោយដែលបានប្រគល់រួមមានទឹកបរិសុទ្ធ ៥០កេស មីជាតិ ៥០កេស ទឹកត្រិទឹកស៊ីអ៊ីវ ៥០យួរ អាល់កុល ៥០លីត្រ និង ម៉ាស ២ ៥០០ម៉ាស់ ដោយឡែកក៏មានសៀវភៅកម្រងឯកសារមួយចំនួនផងដែរ សម្រាប់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ សិក្សា អនុវត្តន៍ បម្រើប្រជាជន៕ អរគុណសន្តិភាព