Detail Top Banner

ផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ មិនអនុញ្ញាតិឲ្យមានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិន​រៀបរយលើផ្ទៃទន្លេ ទៀតនោះទេ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃប្រកបដោយការ​ទទួលស្គាល់ ពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុងក្របខ័ណ្ឌ​ទូទាំងប្រទេស គាំទ្រ ចំពោះការរៀបរយសណ្ដាប់ធ្នាប់ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេ នៃភូមិ​សាស្ត្ររាជធានីភ្នំពេញ ។
ជាក់ស្តែងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាល និងជាប្រធាន​គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចម្រុះ ចុះតាមដងទន្លេក្នុង​ភូមិសាស្ត្រខណ្ឌ ធ្វើការ​ណែនាំ ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេឱ្យរុះរើ និង​ចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ។
ដោយឡែក លោក ឃ្លាំង ហួត អភិបាលនៃគណ:អភិបាលខណ្ឌជ្រោយចង្វារចង្វារ បានថ្លែងថា យើងចូលរួម​ការពារ​បរិស្ថានទន្លេទាំងអស់គ្នា លាមក(អាចម៍) នោម ជារបស់កខ្វក់ក្នុងទន្លេ គឺបំផ្លាញ​សុខភាពខ្លួនយើង គ្រួសារយើង ប្រជាជនយើង ។
លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ មានប្រសាសន៍ថា នៅថ្ងៃ៣កើត ខែបឋមា​សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ខ្ញុំបានដឹកនាំ​កម្លាំងចម្រុះ នៃ​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះអនុវត្តន៍វិធានការរដ្ឋបាលរុះរើផ្ទះបណ្តែតទឹក និងអាជីវកម្មបែ​ចិញ្ចឹមត្រី ដែលមិនរៀបរយទាំងអស់នៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្ត​សង្កាត់ទាំង៦ នៃខណ្ឌប្ញស្សីកែវ។ ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង តាមការអំពាវនាវ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ហើយក៏សូមអរគុណដល់មន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ដែល​បាន​និងកំពុងអនុវត្តន៍តួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានឆ្ពោះទៅ​សម្រេច​កិច្ចការខាងលើនេះបានដោយជោគជ័យ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី​ជូនដំណឹង ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិន​រៀបរយ​លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ​ចេញសេចក្ដីជូន​ដំណឹង​នេះ​តទៅ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធា រណជនទាំងអស់ជ្រាបថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបៃចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និង សំណង់​មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ យ៉ាង​អនាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធ​អេកូឡូហ្ស៊ី មាន​ចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោរ​បង់​ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបាន​ប្រើប្រាស់​ទឹកមិនស្អាតផងដែរ។
ចំពោះមុខដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានី​ភ្នំពេញតម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះទូកតូចៗ និងម្ចាស់សំណង់មិនរៀបរយ​នៅលើផ្ទៃទន្លេ​ទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ដោយទុករយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញ​សេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់​វិធាន​ការរដ្ឋបាល ដោយពុំ​ទទួល​ខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រី​ជំនាញ​នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យបងប្អូនប្រជាពលរដ្ឋប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅ​ភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ។ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹម​យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែត ទឹក ម្ចាស់ផ្ទះទូកតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លទាំងអស់ នឹងចូលរួមអនុវត្តន៍​តាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍រួមរបស់រាជធានីភ្នំពេញ៕ by AKP
អត្ថបទដែលជាប់ទាក់ទង