លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមបុណ្យសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមបុណ្យសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ នាព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលរួមបុណ្យសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលបានរៀបចំឡើងនៅ នាយកដ្ឋានទស្សនីយភាព។
នៅក្នុងឱកាសដ៏សោកសង្រេងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងលោកជំទាវបណ្ឌិតសភាចារ្យ បានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសាររបស់ឧបាសិកា និងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះ មរណភាពរបស់ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាបាត់បង់នូវ ម្ដាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ក៏ដូចជាបាត់បង់នូវមត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ ដែលមួយជីវិតរបស់ឧបាសិកា បានលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចំណែកលើកស្ទួយ ថែរក្សា និងអភិរក្សនូវសិល្បៈវប្បធម៌របស់ជាតិខ្មែរ ។ មរណភាពរបស់ ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ គឺជាបាត់បង់នូវមត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ។
សូមបញ្ជាក់ជូនថា ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ វេលាម៉ោង ០០.២០នាទីរំលងអធ្រាត ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ ។
អត្ថបទដែលជាប់ទាក់ទង