កូនត្រី១០ម៉ឺនក្បាល ត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្តឧត្តរមានជ័យភ្ញាស់ សម្រាប់ផ្តល់ជូនកសិករឆ្នាំនេះ

ខេត្តឧត្តរមានជ័យ៖ ក្នុងឆ្នាំ២០២១នេះ កូនត្រីប្រមាណ១០ម៉ឺនកូន ត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្តឧត្តរមានជ័យភ្ញាស់ សម្រាប់ផ្តល់ចែកជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩។
លោក មុំ សយ័ន្ត នាយរងខ័ណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យបានឱ្យដឹងថា ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរ ជាពិសេសក្នុងស្ថាន​ភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១នេះ ខណ្ឌរដ្ឋបាលជលផលបានបង្កាត់ពូជត្រីចម្រុះ ជាច្រើនប្រភេទប្រមាណ១០ម៉ឺនកូន រួមមាន៖ពូជត្រីអណ្តែង ត្រីឆ្ពិន ទីឡាព្យា ត្រីប្រា និងកង្កែប សម្រាប់ព្រលែងក្នុងបឹងធម្មជាតិ និងចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ ទុកសម្រាប់ទទួលទាន និងអាចលក់ចេញដើម្បីទ្រទ្រង់ជីវភាព។
លោកបន្តថា បច្ចុប្បន្នមានគម្រោងអង្គការដៃគូជាច្រើន បានសហការជាមួយខណ្ឌរដ្ឋបាលជលផល ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលពីបច្ចេកទេស និងសម្ភារៈកសិកម្មជាច្រើន ផ្តល់ជូនប្រជាកសិករនៅក្នុងខេត្ត ឱ្យពួកគាត់ងាកមកចាប់ផ្តើមការងារកសិកម្ម និងវារីវប្បកម្ម លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ខណៈសព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យប្រមាណ១ម៉ឺនគ្រួសារ កំពុងប្រកបការងារចិញ្ចឹមត្រី។
“និយាយរួមយើងបង្កាត់ចែកជូនកសិករក្នុងគម្រោងផ្សេងៗជាច្រើន មានវគ្គបណ្តុះបណ្តាល រាល់ថ្ងៃមានខាងគម្រោងអាស្បាយ ជាថវិកាមួយរបស់រដ្ឋ យើងជ្រើសរើសកសិករដែលមានលទ្ធផលនិងសមត្ថភាពចិញ្ចឹម យើងចែកជាបណ្តុំ យើងជ្រើសរើ៣០ទៅ៤០គ្រួសារម្តង ឱ្យគាត់ចូលជាក្រុម យើងចែកជាពូជត្រី និងសៀវភៅបច្ចេកទេសសម្រាប់ពួកគាត់”។
សូមជម្រាបផងដែរថា ខណៈដែលវិបត្តិនៃជំងឺកូវីដ.១៩ កំពុងរីករាលដាលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានខិតខំប្រឹង ប្រែងជំរុញឱ្យកសិករបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយៈការពង្រឹង និង​​ពង្រីកសកម្មភាព ចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដាំដំណាំ និងបន្លែបង្ការជាលក្ខណៈគ្រួសារ ដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀត កំពុងប្រឈមបញ្ហាដោយ​សារជំងឺឆ្លងកូវីដ-១៩៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង