អាជ្ញាធររួមនិងអង្គការដៃគូនៅខេត្តស្ទឹងត្រែង ពង្រឹងក្រុមគោលដៅអភិរក្សត្រីមេពូជ

ខេត្តស្ទឹងត្រឹង៖ អាជ្ញាធរពាក់ព័ន្ធនិងអង្គការដៃគូ ពង្រឹងក្រុមគោលដៅអភិរក្សត្រីមេពូជ ដើម្បីចាត់វិធានការចំពោះបុគ្គលខិលខូចមួយចំនួន មិនព្រមចូលរួមអនុវត្តច្បាប់ជលផល ហើយលួចលាក់ធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ បង្កផលប៉ះពាល់និងធ្វើឱ្យវិនាសអន្តរាយដល់ត្រីមេពូជសំខាន់។

ក្នុងសកម្មភាពចុះល្បាតរួមគ្នានិងផ្តល់ស្បៀងបន្ថែមជូនក្រុមល្បាតប្រចាំការតាមចំណុចគោលដៅនៅតាមតំបន់រ៉ាមសារ ស្រុកបុរីអូរ ស្វាយសែនជ័យ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែមិថុនា លោកលីមីណាអភិបាលស្រុក មាន ប្រសាសន៍ថា មន្ត្រីមានសមត្ថកិច្ចនឹងមានចំណាត់ការចំពោះ អ្នកនេសាទទាំងឡាយ​ណា ដែលនៅរឹងរុសលួចធ្វើនេសាទត្រីនៅក្នុងតំបន់ ហាមឃាត់ក្នុងរដូវបិទនេសាទនេះ។

លោកអភិបាលស្រុកបន្តថា ធនធានធម្មជាតិជីវចំរុះនៅតាមដងទន្លេមេគង្គ វាជារបស់យើងទាំងអស់គ្នាហើយ​បានផ្តល់ប្រយោជន៍ សម្រាប់ចិញ្ចឹមជីវភាពប្រចាំថ្ងៃ ដូចនេះចូលរួមគ្នាបង្កើនការអភិរក្ស ហើយទាញ​យកផលប្រយោជន៍មកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

លោកទំនីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានអះអាងថា កន្លងមកនៅតាមអន្លុង​អភិរក្សត្រីមេពូជនៃទន្លេមេគង្គលើនេះ មន្ត្រីជំនាញបានចុះល្បាតជាញឹកញាប់ ហើយបានឃាត់ខ្លួនជនសង្ស័យយកមក អនុវត្តតាមនិតិវិធី និងបាន ដកហូតយកឧបករណ៍នេសាទនិងមធ្យោបាយបំរើបទល្មើស​យក​មកបំផ្លាញចោល ជាច្រើនលើករួចមកហើយដែរ។

លោក វី ផលលុយ មន្ត្រីសម្របសម្រួលថ្នាក់ខេត្ត របស់អង្គការសេប៉ាប្រចាំខេត្តស្ទឹងត្រែងបានគាំទ្រសកម្ម ភាពដែលបានធ្វើឡើងកន្លងមកនេះ ព្រោះជាយុទ្ធសាស្ត្រមួយបានបង្កើនការការពារធនធានធម្មជាតិរបស់យើង កុំឱ្យមានការបាត់បង់តទៅទៀត។

លោកបន្តថា អង្គការសេប៉ានៅតែបន្តជួយគាំទ្រ និងពង្រឹងសកម្មភាពល្បាតតាមរយៈការផ្តល់ សម្ភារគ្រឿងបរិភោគ ឧបភោគ ជូនមន្ត្រីអភិរក្សទាំង៤គោលដៅដើម្បីឱ្យពួកគាត់ ប្រឹងប្រែងថែរក្សាធនធានជីវចម្រុះនេះ សម្រាប់បម្រើជាផលប្រយោជន៏រួមទាំងអស់គ្នា ។

សូមបញ្ជាក់ថា សកម្មភាពល្បាតរួមនិងផ្តល់សម្ភារគ្រឿងឧបភោគបរិភោគនេះ ជាលើកទី៣ហើយបន្ទាប់ពីមានការបិទការធ្វើនេសាទនៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងដល់ការអភិរក្សត្រីមេពូជឱ្យកាន់តែមានប្រសិទ្ធ​ភាព​៕ (by AKP)អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង