សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា លំហប្រជាធិបតេយ្យនៅកម្ពុជាមានភាពល្អប្រសើរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលអះអាងថា លំហប្រជាធិបតេយ្យនៅកម្ពុជាមានភាពល្អប្រសើរ ទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ក៏ដោយ។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា តាមប្រព័ន្ធវីដេអូសន្និសីទZoom នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ចំពោះលំហប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់ NGOs រាជរដ្ឋាភិបាលតែងតែចាត់ទុកសង្គមស៊ីវិលជាដៃគូ និងបានធ្វើការជាមួយគ្នាជាច្រើនមកហើយដែរ ជាពិសេសទៅលើសំណើធ្វើកំណែទម្រង់ ច្បាប់​NGOsនេះ។
សម្ដេចក្រឡាហោម ក៏បានជំរុញ និងលើកទឹកចិត្តដល់ភាគីទាំងពីរ គឺតំណាងរាជរដ្ឋាភិបាល និងតំណាង​NGOs រួមទាំងភាគីពាក់ព័ន្ធបន្តរក ឱកាសជជែកពិភាក្សាគ្នា និងមានកិច្ចសន្ទនាជាបន្តទៀត ទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩​ក៏ដោយ ដើម្បីជំរុញការងារពាក់ព័ន្ធ នឹងសំណើកែទម្រង់ច្បាប់នេះ។
សម្ដេចបានចាត់ទុកថានេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការចូលរួមលើកកម្ពស់លំហប្រជាធិបតេយ្យនៅកម្ពុជា។
ពាក់ព័ន្ធនឹងវិធានការឆ្លើយតបបន្តបន្ទាប់នៅក្រោយជំងឺកូវីដ-១៩ សម្ដេចក្រឡា​ហោម​បានជម្រាបអ្នករាយការណ៍ពិសេសថា ជាការពិត នៅលើពិភពលោកនេះ និន្នាការនៃការឆ្លងជំងឺកូវីដ-១៩ តួលេខមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាពុំទាន់មានសភាពធូរស្រាល នៅឡើយទេ ហើយសម្រាប់វិធានការបន្តបន្ទាប់ទៀត ដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩នេះ ក៏រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់គិតគូផងដែរ ទោះបីជាពុំមាននរណាម្នាក់ដឹងថាជំងឺកូវីដ-​១៩​នឹងបញ្ចប់នៅពេលណាក៏ដោយ។
ឯកឧត្តម Vitit Muntarbhorn បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះកិច្ចសន្ទនា និងការផ្ដល់ជូនព័ត៌មាន ដ៏មានសារសំខាន់ទៅលើប្រធានបទនេះ ដែល​ឯកឧត្តមបានស្នើសុំពីខាងដើម និងបានចាត់ទុកថាជាមូលដ្ឋានដ៏សំខាន់បន្ថែម សម្រាប់ឯកឧត្តម ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានាអាណត្តិថ្មីនេះ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម Vitit Muntarbhorn បានសម្ដែងនូវក្ដីសង្ឃឹមចំពោះកិច្ចសហការល្អ ទៅវិញទៅមកប្រកបដោយភាពស្ថាបនា ។ក្នុងនោះសម្ដេចក្រឡាហោមត្រៀមខ្លួនជានិច្ចក្នុងការចូលរួមអនុវត្តនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរឱ្យទទួល បានប្រសិទ្ធ​ភាពខ្ពស់។
សូមបញ្ជាក់ថា ឯកឧត្តម Vitit Muntarbhorn គឺជាជនជាតិថៃនិងទើបត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូ ណាស្មីត។
ឯកឧត្តមបាន ចូលកាន់តួនាទីអ្នករាយការណ៍ពិសេសជាផ្លូវការ កាលពី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕
អត្ថបទដែលជាប់ទាក់ទង