ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ត្មាតប៉ើយ ខេត្តព្រះវិហារ ងាកមកចាប់យកមុខរបរចិញ្ចឹមគោ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារ ក្រោយការបោះបង់លើមុខរបរចាស់

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋជិត ៤០០គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ “ត្មាតប៉ើយ” ស្ថិតនៅក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានសម្រេចចិត្តបោះបង់មុខរបរចាស់ គឺការបរបាញ់ ការដាក់អន្ទាក់សត្វព្រៃ និងកាប់ឈើលក់ ដែលពួកគាត់យល់ថា គឺជាមុខរបរមិនស្របច្បាប់ ហើយបានងាក​មកចាប់យកមុខរបរថ្មីមួយ គឺការចិញ្ចឹមគោ ដែលអាចជួយឲ្យពួកគាត់រកប្រាក់ចំណូលបានប្រមាណ ១០លានរៀលក្នុង ១ឆ្នាំ ដើម្បីទ្រទ្រង់ក្នុងជីវភាពរស់នៅ។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិ«ត្មាតប៉ើយ» លោក ឌឹម គឹអោន បានរៀបរាប់ឲ្យដឹងថា មុខរបរចិញ្ចឹមគោ គឺជាជម្រើសមួយដ៏ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ព្រោះត្បិត លោកយល់ឃើញថា ការចិញ្ចឹមសត្វគោ គឺជាមុខរបរថ្មីមួយដែលស្របនឹងច្បាប់ រីឯ សមាជិកនៅក្នុងសហគមន៍ ក៏អាចរកប្រាក់ចំណូលបាន ចាប់ពី ៨លាន ទៅ​១០លានរៀលក្នុង ១ឆ្នាំ ថែមទៀតផង។
លោក ឌឹម គឹអោន បានរៀបរាប់ឲ្យដឹងទៀតថា មុខរបរចិញ្ចឹមគោនេះ បានកាត់បន្ថយការពឹងអាស្រ័យលើមុខរបរចាស់ ដែលពួកយើងភាគច្រើន តែងធ្លាប់នាំគ្នាចូលព្រៃបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃ និងការកាប់ឈើ ដើម្បីរកចំណូលចិញ្ចឹមជីវិត និងជួយទ្រទ្រង់ជីវភាពគ្រួសារ។
លោកថា សហគមន៍តំបន់ការពារធម្មជាតិ «ត្មាតប៉ើយ» មានសមាជិក ៣៧៥​គ្រួសារ ដែលក្នុងនោះ មានគ្រួសារ ៣៩ភាគរយ ដែលបានប្រកបរបរចិញ្ចឹមគោ នាពេលកន្លងមក និងមានសត្វគោសរុប ១ពាន់ ៣១៤ក្បាល បើគិតជាមធ្យម ក្នុងមួយគ្រួសារ មានសត្វគោ ៩ក្បាល ដែលសុទ្ធសឹងជាពូជគោខ្មែរ។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិ«ត្មាតប៉ើយ» លោក ឌឹម គឹមអោន បានបញ្ជាក់ថា នៅក្នុងតំបន់សហគមន៍ បានគ្របដណ្តប់ទៅដោយវាលស្មៅ ដែលដុះក្នុងព្រៃល្បោះដ៏ធំ ធ្វើឲ្យការចិញ្ចឹមសត្វគោមានលក្ខណៈងាយស្រួល និងទទួលបានផលចំណេញច្រើន ដោយលោក រំពឹងថា នឹងអាចទាក់ទាញសមាជិកជាច្រើន​ទៀត នៅក្នុងសហគមន៍ ឲ្យបោះបង់ចោលនូវមុខរបរចាស់ ហើយងាកមកចាប់យកមុខរបរថ្មី គឺការចិញ្ចឹមគោលក់ ព្រោះមានទីផ្សារគ្រប់គ្រាន់ ហើយមានអ្នកទិញមកដល់ទីកន្លែង សម្រាប់នាំយកទៅកាប់សាច់លក់ ដើម្បីផ្គត់ផ្គង់ និងតម្រូវការលើទីផ្សារបច្ចុប្បន្ន៕
អត្ថបទដែលជាប់ទាក់ទង