រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញវិជ្ជមានជំងឺកូវីដ.១៩ថ្មី ៥១នាក់បន្ថែមទៀត

ខេត្តរតនគិរី ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្ស​ចំនួន ៥១នាក់បន្ថែមទៀត ដែលបានរកឃើញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បើកការធ្វើតេស្តរហ័សទ្រង់ទ្រាយធំ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួល​ខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក។

រដ្ឋបាលខេត្តរតនគិរី បន្ដអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។ រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ជាលទ្ធផលធ្វើតេស្តរហ័ស ក្នុងចំណោមសំណាក ១១៣៥នាក់ រកឃើញវិជ្ជមានកូវីដ.១៩ ចំនួន ៥១នាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៣៦៤នាក់ ព្យាបាលជាសះស្បើយចំនួន ២២នាក់ និងស្លាប់ ២នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង