លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

ពិធីបុណ្យចូលព្រះវស្សាគឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនាដែលសាវ័កផ្នែកបព្វជិតតែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ(មួយត្រៃមាស)ក្នុងវស្សានរដូវហើយត្រូវចាំ វស្សាដោយត្រឹមត្រូវមិនឱ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជា ទាយកទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេស គឺចាត់ចែងវស្សិកសាដក(សំពត់សំរាប់ងូតទឹកភ្លៀង)ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព។ ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល៤ខែគឺរាប់ពីថ្ងៃ ១រោច​ ខែអាសាធ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯងហៅថា វស្សានរដូវ ។

ចំពោះទេយ្យទាន គ្រឿងឧបភោគ បរិភោគ ដែលបានវេរប្រគេនព្រះសង្ឃនាពេលនេះរួមមាន ៖ បច្ច័យ ១លានរៀល បូករួមទៀនព្រះវស្សាធំ១គូ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច៥កេស អង្ករ ១០០គីឡូក្រាម មី ៥កេស ទឹកដោះគោ ១កេស ស្ករស ១០គីឡូក្រាម ទឹកត្រី ១២ដប ប៊ីចេង ២គីឡូក្រាម ខ្ទឹមស ២គីឡូក្រាម ទៀនតូច ២ដុំ ធូប១ដុំ ម៉ាស ២ប្រអប់ អាល់កុល ១កាន នំអន្សម ១កន្រ្តក និងផ្លែឈើ ១កន្រ្តក៕

អត្ថបទដែលជាប់ទាក់ទង